(ភ្នំពេញ)៖ គ្រាដែលខួប៣៩ឆ្នាំ នៃការដួលរលំរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅយង់ឃ្នង ប៉ុល ពត និងការអបអរសាទរថ្ងៃជ័យជម្នះលើរបបមួយនេះនឹងឈានចូលមកដល់ថ្ងៃអាទិត្យ ទី០៧ ខែមករា ឆ្នាំ២០១៨ស្អែកនេះ វីដេអូគំនូរជីវចលជាច្រើនឃ្លីបក៏ត្រូវបានគេផលិតឡើង និងផ្សព្វផ្សាយយ៉ាងព្រោងព្រាតនៅថ្ងៃសៅរ៍ ទី០៦ ខែមករា ឆ្នាំ២០១៨នេះ។
វីដេអូគំនូរជីវចលចំនួន៣ឃ្លីប ត្រូវបានអង្គភាពព័ត៌មាន Fresh News ទទួលបានជាបន្តបន្ទាប់នៅថ្ងៃនេះ។ ក្នុងវីដេអូគំនូរជីវចលទាំង៣ឃ្លីបនេះ បានរៀបរាប់ពីទុក្ខវេទនាឥតគណនា របស់ប្រជាពលរដ្ឋខ្មែរនៅក្នុងរបបខ្មែរក្រហម ដែលដឹកនាំដោយ ប៉ុលពត, អៀង សារី និង ខៀវ សំផន ជាដើមនោះ។
វីដេអូបានបង្ហាញផងដែរពីការកាប់សម្លាប់ និងអំពើឃោរឃៅក្នុងរបបមួយនេះ។ ក្រៅពីបង្ហាញអំពើព្រៃផ្សៃ និងទុក្ខវេទនារបស់ពលរដ្ឋខ្មែរហើយនោះ វីដេអូក៏បានបង្ហាញពីការរស់រានមានជីវិតឡើងវិញ របស់ប្រជាពលរដ្ឋខ្មែរក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩។
ក្នុងវីដេអូគំនូរជីវចលនេះ ក៏បានរំលេចបង្ហាញពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ដែលទាមទារឲ្យពលរដ្ឋកម្ពុជាគ្រប់ត្រូវរួមគ្នាថែរក្សានូវសុខសន្តិភាព ដើម្បីបន្តទទួលបានឱកាសសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិទៅមុខ។
សូមបញ្ជាក់ថា នៅថ្ងៃអាទិត្យ ទី០៧ ខែមករា ឆ្នាំ២០១៨ស្អែកនេះ គឺជាខួប៣៩ឆ្នាំហើយ ដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំដោយកម្លាំងខ្មែរអ្នកស្នេហាជាតិជ្រកក្រោមទង់រណសិរ្សសាមគ្គីសង្រ្គោះជាតិ ដឹកនាំដោយសម្តេច ហេង សំរិន សម្តេច ជា ស៊ីម និងសម្តេចតេជោ ហ៊ុន សែន ដែលជាថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា។ នៅថ្ងៃស្អែកនេះ ពិធីអបអរសាទរថ្ងៃជ័យជម្នះ និងការវាយផ្តួលរំលំលើរបប ប៉ុល ពត នេះ ក៏នឹងត្រូវប្រារព្ធធ្វើឡើងយ៉ាងមហោឡារិកនៅមជ្ឈមណ្ឌលកោះពេជ្រ ក្រោមវត្តមានមហាជនជាង ១ម៉ឺននាក់៕