(កណ្តាល)៖ ជនត្រូវចោទម្នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន បានឆ្លៀតឱកាសរត់គេចខ្លួន ខណៈសមត្ថកិច្ចកំពុងនាំរូបគេ និងប្រពន្ធ ទៅកាន់ពន្ធនាគារ ដើម្បីដាក់ឃុំឃាំង ក្រោយតុលាការ បានសម្រេចចេញដីការួចមក។ តាមពិតហេតុការណ៍នេះ បានកើតឡើងកាលពីប៉ុន្មានថ្ងៃមកហើយ តែទើបត្រូវបានបញ្ជាក់ពីមន្រ្តីតុលាការ និងសមត្ថកិច្ចដល់ដៃអ្នកកាសែត នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨នេះ។
យ៉ាងណាក៏ដោយ សម្រាប់ករណីនេះ កម្លាំងនគរបាលជំនាញ និងកម្លាំងនគរបាលពាក់ព័ន្ធ ក្រោមការបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន និងឧត្តមសេនីយ៍ត្រី ឈឿន សុចិត្រ ស្នងការរងនគរបាលទទួលផែនគ្រឿងញៀន បាននិងកំពុងស្រាវជ្រាវតាមចាប់ជននេះ យកមកផ្តន្ទោទោសមកវិញ។
មន្ត្រីតុលាការខេត្តកណ្តាល បានថ្លែងថា ជនសង្ស័យពីរនាក់ប្តី-ប្រពន្ធ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ត្រូវបាននគរបាលការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល បញ្ជូនមកអយ្យការអមសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីចាត់ការតាមច្បាប់។
ក្រោយការសាកសួរ ព្រះរាជអាជ្ញារងសម្រេចចោទប្រកាន់ពីរនាក់ប្តីប្រពន្ធនេះ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន រួចបញ្ជូនជនត្រូវចោទ និងសំណុំរឿងទៅចៅក្រមស៊ើបសួរចាត់ការ បន្តតាមនីតិវិធី។ ចៅក្រមស៊ើបសួរសម្រេចចេញដីកាឃុំខ្លួន ជនត្រូវចោទទាំងពីរនាក់នេះដាក់ពន្ធនាគារបណ្តោះអាសន្ន។ តែពេលកំពុងនាំខ្លួនទៅកាន់ពន្ធនាគារ ស្រាប់តែជនត្រូវចោទជាប្តីឆ្លៀត ឱកាសរត់គេចខ្លួនតែម្តង។
ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្រ ករណីនេះ កម្លាំងជំនាញរបស់លោកដោយមានការបញ្ជាពីលោកស្នងការខេត្ត បានសុំដីកាតាមចាប់ខ្លួនហើយ ពីបទលួចរត់ និងកំពុងស្រាវជ្រាវតាមចាប់ជននេះត្រឡប់មកវិញ។
មួយវិញទៀត សម្រាប់ការធ្វេសប្រហែលរបស់មន្រ្តីអនុវត្តច្បាប់ ត្រូវបានលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្រ អះអាងថា នឹងសុំគោលការណ៍ទៅ លោកស្នងការ ដើម្បីអនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិ៕