(កំពត)៖ មន្ត្រីនគរបាលស្រុកអង្គរជ័យ ខេត្តកំពត បានរាយការណ៍ប្រាប់ភ្នាក់ងារ Fresh News មកថា រយៈពេល២ថ្ងៃជាប់គ្នានេះ មានសិស្សានុសិស្សនៅវិទ្យាល័យសម្តេច ហ៊ុន សែន អង្គស្តុក ស្ថិតនៅភូមិស្តុក ឃុំសំឡាញ់ ស្រុកអង្គរជ័យ ចំនួន៣៦នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ដោយមិនទាន់ដឹងមូលហេតុ។
មន្ត្រីនគរបាលដដែលបានឲ្យដឹងថា សិស្សដែលរៀននៅសាលាវិទ្យាល័យសម្តេច ហ៊ុន សែន អង្គស្តុកខាងលើ បានដួលសន្លប់ជាបន្តបន្ទាប់ រយៈពេល២ថ្ងៃជាប់ៗគ្នានេះ ដោយមិនទាន់ដឹង មូលហេតុអ្វីឡើយ ហើយនៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៨នេះ សិស្សបានដួលសន្លប់ចំនួន ៩នាក់។ ចំណែកកាលពីថ្ងៃទី០៥ ខែមករា ម្សិលមិញ មានសិស្សបានខ្យល់គរដួលសន្លប់ជាបន្តបន្ទាប់ចំនួន ២៧នាក់។
មន្ត្រីនគរបាលបានបន្តថា សិស្សសាលាដែលដួលសន្លប់ទាំងអស់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់រកឃើញ និងបញ្ជាក់ច្បាស់ពីមូលហេតុ នៃការដួលសន្លប់នៅឡើយទេ។
គួររំលឹកថា បើរាប់ទាំងលើកនេះ នៅវិទ្យាល័យសម្តេច ហ៊ុន សែន អង្គស្តុក ស្រុកអង្គរជ័យនេះ មានសិស្សានុសិស្សដួលសន្លប់ចំនួន ៤លើក មកហើយ៕