(ស្វាយរៀង)៖ មន្ទីរសុខាភិបាលខេត្តស្វាយរៀង បានបើកកិច្ចប្រជុំមួយស្ដីពី ការផ្តល់សេវាថែទាំ សុខភាពដល់អត្ថគាហកៈ ដោយឥតបង់ថ្លៃ នៅក្នុងមូលដ្ឋាន សុខាភិបាលសាធារណៈ ក្រោមកម្មវិធី មូលនិធិសមធម៌ សុខាភិបាល និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព នៃបេឡាជាតិរបបសន្តិសុខសង្គម របស់រាជរដ្ឋាភិបាលកម្ពុជា។
កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង និងមានការចូលរួមពី អនុប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធាន-អនុប្រធាន ការិយាល័យទាំង៤ នៃមន្ទីរសុខាភិបាលខេត្ត, ប្រធានមន្ទីរពេទ្យខេត្ត, ប្រធានស្រុកប្រតិបតិ្តទាំងបួន និងប្រធានមណ្ឌលសុខភាពទាំងអស់ សរុបវត្តមានចូលរួមចំនួន៧០នាក់ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨។
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា បានថ្លែងថា ការផ្តល់សេវាថែទាំសុខភាព ដល់អត្ថគាហកៈ នៅក្រោមកម្មវិធីមូលនិធិសមធម៌ សុខាភិបាល និងចាប់ផ្តើមអនុវត្តចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨។ ដោយឡែករបបសន្តិសុខសង្គម ផ្នែកហានិភ័យ និងផ្នែកថែទាំសុខភាព សម្រាប់ជនទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញតិ្ត នៃច្បាប់ស្តីពី ការងារបាន និងកំពុងអនុវត្តដោយបេឡាជាតិរបបសន្តិសុខសង្គម និងរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពសម្រាប់មន្ដ្រីសាធារណៈ អតីតមន្រី្តរាជការ និងអតីតយុទ្ធជន និងចាប់ផ្តើមអនុវត្តក្នុងពេលខាងមុខនេះ។
លោកវេជ្ជបណ្ឌិត បន្ដថា ក្នុងន័យនេះ ក្រសួងសុខាភិបាល ក៏បានណែនាំ ដល់អង្គភាពសុខាភិបាលទាំងអស់ ត្រូវរៀបចំចាត់ចែង ការផ្តល់សេវាថែទាំសុខភាព ដល់អត្ថគាហកៈ នៅក្រោមកម្មវិធីមូលនិធិសមធម៌សុខាភិបាល និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព។
លោកបានបញ្ជាក់ថា ការប្រើប្រាស់ប័ណ្ណ មូលនិធិសមធម៌ នៅដើមឆ្នាំ២០១៨ មានប័ណ្ណ៣ប្រភេទ ដែលចេញដោយ ប.ស.ស និងក្រសួងសុខាភិបាល។ ប័ណ្ណទី១៖ ពណ៌ផ្ទៃមេឃចាស់ សម្រាប់ផ្ដល់ជូនប្រើប្រាស់ដល់កម្មករ នយោជិកនៅក្នុងប្រព័ន្ធ, ប័ណ្ណទី២៖ ពណ៌លឿង សម្រាប់ផ្ដល់ជូនកម្មករនិយោជិកក្រៅប្រព័ន្ធ និងប័ណ្ណទី៣៖ ពណ៌ស្វាយ សម្រាប់ផ្ដល់ជូនមន្ត្រីភូមិ កីឡាករ កីឡាការិនីប្រើប្រាស់។
ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានឲ្យដឹងថា ចំពោះលោក-លោកស្រី ដែលប្រើប្រាស់នូវប័ណ្ណបីខាងនោះ បើអស់លោកមករកសេវាព្យាបាលនៅមន្ទីរពេទ្យ សូមយកប័ណ្ណរបស់ខ្លួន ដែលប្រើប្រាស់ និងភ្ជាប់មកជាមួយអត្តសញ្ញាប័ណ្ណ ដើម្បីបង្ហាញដល់ក្រុមគ្រូពេទ្យ នៅពេលទៅរកសេវាព្យាបាលនោះ មន្ទីរពេទ្យមិនយកថវិកាពីលោក-លោកស្រីទេ៕