(បាត់ដំបង)៖ នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីមិទ្ទិញអបអរសាទររំលឹកខួប លើកទី៣៩ នៃទិវាជ័យជំនះ៧មករា នៅមុខបរិវេណសាលាខេត្តបាត់ដំបង។
ពិធីនេះបានរៀបចំដោយរដ្ឋបាលខេត្តបាត់ដំបង និងមានការចូលរួមពីសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា សមាជិករាជរដ្ឋាភិបាល ប្រតិភូអមដំណើរ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត
ថ្នាក់ដឹកនាំ មន្រ្តីរាជការ អគ្គកុងស៊ុលវៀតណាម កងកម្លាំងសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត និងប្រជាពលរដ្ឋបានចូលរួមជាច្រើននាក់ផងដែរ។
បន្ទាប់ពីអំណានរបាយការណ៍ និងសន្ទរកថាស្វាគមន៍របស់អភិបាលខេត្ត លោក ងួន រតន: ក្នុងអង្គពិធីរួចមក សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ទៅកាន់អង្គពិធី ដោយបានរំលឹកពីការឈឺចាប់ជាមួយនឹងការកាប់សម្លាប់ក្នុងរបប ប៉ុល ពត ប្រល័យពូជសាសន៍ជាតិឯងនាអំឡុងរយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ។
សម្តេចក្រឡាហោម បានថ្លែងថា «ទិវាជ័យជំនះ៧មករា លើកទី៣៩នេះ គឺជាទិវារបស់ជាតិទាំងមូល មិនមែនជារបស់គណបក្សប្រជាជនកម្ពុជាម្នាក់ឯងនោះទេ ទោះជាពេលនោះ គណបក្សប្រជាជនកម្ពុជា ជាអ្នករំដោះប្រទេសជាតិ ប្រជាជនកម្ពុជា ឲ្យបានរួចផុតពីការកាប់សម្លាប់ជនជាតិខ្មែរក៏ដោយ។ យើងទាំងអស់គ្នាត្រូវចងចាំជានិច្ច និងរក្សាទិវា៧មករានេះ ឲ្យនៅជាអមត:តទៅ តែមានជនអគតិមួយចំនួន បានបំភ្លេចមិនទទួលស្គាល់ និងចង់បំផ្លាញចោលភស្តុតាងថែមទៀតផង»។
សម្តេចបានរម្លឹកថា ក្នុងរបបប្រល័យពូនសាសន៍នេះ បានបិទសិទ្ធិគ្រប់បែបយ៉ាងចំពោះប្រជាជនកម្ពុជា ផ្ទុយពីសម័យបច្ចុប្បន្ន ដែលប្រជាជនមានសិទ្ធិគ្រប់បែបយ៉ាង ទាំងសិទ្ធិរស់រានមានជីវិត និង មានគ្រប់សាសនា ពិសេសយើងបានចាត់ទុកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋផងដែរ។ បន្ទាប់ពីសម្តេចសំណេះសំណាលរួច គណៈអធិបតីបានចែកមួកសុវត្តិភាពដល់សិស្សនិស្សិត ជានិមិត្តរូប បង្ហោះប៉េងប៉ោងអបអរសាទរ និងអញ្ជើញដើរទស្សនាពិព័រណរូបភាព ពីសកម្មភាពការងាររបស់រដ្ឋបាលខេត្តផងដែរ៕