(ភ្នំពេញ)៖ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នារសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨នេះ បានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាល និងប្រធានគណៈប្រតិបត្តិថ្មី អាណត្តិទី៥។ ក្រោយការបោះឆ្នោត លោក ហេង វ៉ាន់ដា ជាប់ជាប្រធានក្រុមប្រឹក្សាភិបាលថ្មី និងលោក លី ឆេង ជាប់ជាប្រធានគណៈប្រតិបត្តិថ្មី អាណត្តិទី៥ នៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាមួយនេះ។

ការបោះឆ្នោតខាងលើ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក អ៊ីន វីរជាតិ អតីតជាប្រធានក្រុមប្រឹក្សាភិបាល និងបច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់ នៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលមានសមាជិកចូលរួមចំនួន ៩២គ្រឹះស្ថាន។

តាមរបាយការណ៍របស់លោក ភឹម មុនីសេដ្ឋា អគ្គលេខាធិការ នៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានឲ្យដឹងថា សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលមានគ្រឹះស្ថានសិក្សាចំនួន៩២ ជាសមាជិក តែងតែរៀបចំការបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាភិបាល និងប្រធានគណៈប្រតិបត្តិថ្មី ជារៀងរាល់៣ឆ្នាំម្តង ដែលបោះឆ្នោតដោយសមាជិកក្រុមប្រឹក្សាភិបាលទាំង២០គ្រឹះស្ថាន។

ដំណើរការនៃការបោះឆ្នោតជាលទ្ធផល គឺលោក ហេង វ៉ាន់ដា ទទួលបានការគាំទ្រជាប្រធានក្រុមប្រឹក្សាភិបាល ដោយសំឡេងព្រមចំនួន១៩ លើ២០សំឡេង និងលោក លី ឆេង ទទួលបានជាប្រធានគណៈប្រតិបត្តិ នៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដោយសំឡេងព្រមចំនួន២០ លើ២០សំឡេង។ បន្ទាប់មក លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល និងលោក លី ឆេង ប្រធានគណៈប្រតិបត្តិ អាណត្តិថ្មី បានធ្វើការប្តេជ្ញាចិត្ត។

ក្នុងឱកាសនោះ លោក អ៊ីន វីរជាតិ ទីប្រឹក្សាជាន់ខ្ពស់នៃសមាគម បានផ្តាំផ្ញើដល់លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល និងលោក លី ឆេង ប្រធានគណៈប្រតិបត្តិ អាណត្តិថ្មី ឲ្យខិតខំបន្តទៀត ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំ និងបង្កើតធនធានមនុស្សប្រកបដោយប្រសិទ្ធភាពជាមួយរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ និងស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត ដែលធ្វើឲ្យប្រទេសជាតិទាំងមូល បានសុខសន្តិភាពពេញលេញ ប្រកបដោយការអភិវឌ្ឍលើគ្រប់វិស័យ។

លោកបានបន្ថែមទៀតថា វិស័យអប់រំ គឺជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពផ្សេងៗ នៅក្នុងការអភិវឌ្ឍប្រទេសជាតិរបស់កម្ពុជា ពីព្រោះប្រទេសកម្ពុជា ជាប្រទេសមួយកំពុងអភិវឌ្ឍលើគ្រប់វិស័យ ហើយប្រទេសកម្ពុជាក៏ជាសមាជិកអង្គការសហប្រជាជាតិ សមាជិកអាស៊ាន និងសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ហើយកម្ពុជាក៏បានធ្វើសកលភាវូបនីយកម្ម ជាមួយបណ្តាប្រទេសនានានៅលើពិភពលោក។

លោក អ៊ីន វីរជាតិ បានក៏បំពាក់កម្រងផ្កាជូនដល់ប្រធានក្រុមប្រឹក្សាភិបាល និងប្រធានគណៈប្រតិបត្តិ អាណត្តិថ្មីផងដែរ៕