(សៀមរាប)៖ លោក ឃឹម ប៊ុនសុង សមាជិកគណកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមពិធីបញ្ចូលសមាជិកថ្មីចំនួន៣៧៩រូប របស់គណបក្សប្រជាជនកម្ពុជា នាសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ដែលបានចាកចេញពីអតីតបក្សសង្គ្រោះជាតិ។
ក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង បានសម្ដែងនូវការទទួលស្វាគមន៍ដល់ សមាជិកគណបក្សប្រជាជនកម្ពុជា ដែលទើប ប្រកាសបញ្ជូលថ្មី ដោយលោកបានចាត់ទុកថា អតីតសមាជិកគណបក្សសង្គ្រោះទាំងអស់នេះ ពិតជាបានសម្រេចចិត្តយ៉ាង ត្រឹមត្រូវណាស់ ដែលបានមកចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជា ដែលកើតចេញពីប្រជាជន និងបម្រើប្រជាជន ពិតប្រាដក។
បើតាមប្រធានគណបក្សប្រជាជនខេត្តសៀមរាបរូបនេះ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន គឺជាពិតជានៅរួមរស់ ជាមួយពលរដ្ឋយ៉ាងពិតប្រាកដ មិនបានសន្យាខ្យល់ដូចបក្សដទៃនោះទេ ពោលគឺគណបក្សប្រជាជនកម្ពុជា ហ៊ានសន្យា ហើយនោះ គឺត្រូវតែធ្វើជាដាច់ខាត មិនមែនសន្យាតែមាត់ មិនដែលចេញលទ្ធផលអ្វីនោះទេ។
លោក ឃឹម ប៊ុនសុង ប្រកាសបន្ថែមថា ទោះបីប្រទេសជាតិមានការអភិវឌ្ឍដល់សព្វថ្ងៃនេះក៏ពិតមែន ប៉ុន្ដែគណបក្ស ប្រជាជនកម្ពុជា នៅតែបន្ដដឹកនាំប្រទេសឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ដូចសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្ស ធ្លាប់បានសន្យាជារឿយៗ៕