(ភ្នំពេញ)៖ បណ្តាមេដឹកនាំប្រទេសសម្ព័ន្ធមិត្តចំនួន៦ ក្នុងនោះនាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង ដែរនោះ នឹងធ្វើដំណើរមកកាន់កម្ពុជា នាសប្តាហ៍ក្រោយនេះ ដើម្បីចូលរួមប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ។
មេដឹកនាំប្រទេសទាំងនោះរួមមាន៖ លោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តីចិន, លោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) នាយករដ្ឋមន្រ្តីឡាវ, ឯកឧត្តម មិន ស្វេ (Myint Swe) អនុប្រធានាធិបតីមីយ៉ាន់ម៉ា, លោក ប្រាយុទ្ធ ច័ន្ទអូឆា (Prayut Chan-o-cha) នាយករដ្ឋមន្រ្តីថៃ និង លោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីវៀតណាម ដែលនឹងអញ្ជើញមកកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ក្រសួងការបរទេសបានប្រកាសថា នៅក្នុងឱកាសនោះ សម្តេចតេជោ និង លោក លី ខឺឈាង នឹងធ្វើជាសហប្រធានកិច្ចប្រជុំដ៏សំខាន់នេះ ដែលមានមូលបទ «ទន្លេរបស់យើងដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព»។ ថ្នាក់ដឹកនាំប្រទេសទាំង៦ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងធ្វើការពិភាក្សាលើបញ្ហាសំខាន់ៗ ដើម្បីអភិវឌ្ឍន៍អនុតំបន់ទន្លេមេគង្គ ផ្តោតជាសំខាន់ទៅលើការតាំងចិត្តក្នុងការរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៃអនុតំបន់ទន្លេមេគង្គ។
កិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី២នេះ ក៏នឹងផ្តោតសារៈសំខាន់ដល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រទេសអនុតំបន់ ការធ្វើឲ្យប្រសើរឡើងសុខុមាលភាពប្រជាជន ការបំព្រួញគំលាតអភិវឌ្ឍន៍នៅក្នុងចំណោមប្រទេស ដើម្បីគាំទ្រដល់ការកសាងសហគមន៍អាស៊ាន និងការជំរុញកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ដើម្បីរួមចំណែកបន្ថែមទៀតដល់ការអនុវត្តរបៀបវារៈឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ក្រសួងការបរទេស បានបញ្ជាក់បន្ថែមថា កិច្ចប្រជុំនេះ ត្រូវបានរំពឹងទុកថានឹងអនុម័ត ឯកសារចំនួន៤ ដូចខាងក្រោម ៖
១៖ សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ នៃកិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២
២៖ ផែនការសកម្មភាពប្រាំឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ២០១៨-២០២២
៣៖ បញ្ជីរួមនៃគម្រោងកិច្ចសហប្រតិបត្តិការដំណាក់កាលទី២ និង
៤៖ របាយការណ៍នៃក្រុមការងាររួមតាមវិស័យអាទិភាពទាំង៦ ។
នៅមុនពេលបញ្ចប់កិច្ចប្រជុំនេះ នឹងមានពិធីផ្ទេរតួនាទីប្រធានទៅប្រទេសឡាវ ហើយនឹងបន្តដោយការធ្វើសន្និសីទសារព័ត៌មានរួមគ្នាដោយសហប្រធាន ផងដែរ៕