(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ សម្រាប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលបានត្រួតពិនិត្យយានយន្ដ ចំនួន៥,៣៦៥គ្រឿង នៅទូទាំងប្រទេសកម្ពុជា ដែលភាគច្រើនជាម៉ូតូ, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចនេះ។
សម្រាប់នៅទូទាំងប្រទេសវិញ កម្លាំងនគរបាលបានត្រួតពិនិត្យមួក និងកញ្ចប់ បានយានយន្ដសរុបចំនួន២,៧៥៨គ្រឿង បង់ផាកពិន័យបាន៥៩៥គ្រឿង ក្នុងនោះអត់មួក៤៣៥គ្រឿង, អត់កញ្ចក់១៣៩គ្រឿង និងយានផ្សេងៗ២១គ្រឿង។
ដោយឡែកសម្រាប់ក្របខណ្ឌក្នុងរាជធានីភ្នំពេញ របាយការណ៍ខាងលើបញ្ជាក់ថា បានឃាត់យានយន្ដបើកបរបញ្ច្រាសទិស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់មើលក្រោយ ចំនួន៤៧៨គ្រឿង ក្នុងនោះរថយន្ដចំនួន០៧គ្រឿង, ម៉ូតូចំនួន៤៣៤គ្រឿង និងរ៉ឺម៉កកង់បីចំនួន៣គ្រឿង។
ជាមួយគ្នានោះ របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់ ក៏បានឲ្យដឹងថា សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែមករានេះ បានយានយន្ដចំនួន ២២,៩៤៨គ្រឿង ក្នុងនោះអប់រំ១,៤២២គ្រឿង និងផាកពិន័យ២,៣៧៣គ្រឿង៕