(ភ្នំពេញ)៖ គិតត្រឹម ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នេះ គ.ជ.ប បានទទួលពាក្យបណ្តឹងសរុបចំនួន៤២ ក្នុងដំណាក់កាលបិទផ្សាយ បញ្ជីឈ្មោះបោះឆ្នោតដំបូង សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងនោះមានបណ្តឹងតវ៉ាចំនួន៤២ និងបណ្តឹងជំទាស់១។ នេះបើតាមសេចក្តីប្រកាសរបស់គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃនេះ។
គ.ជ.ប បានបញ្ជាក់ទៀតថា ក្នុងចំណោមបណ្តឹងទាំងនោះគ.ជ.ប បានយល់ព្រមតាមបណ្តឹង៣៧ ចារបដិសេធ០១ លិខិតជូនដំណឹង២ និងកំពុងដោះស្រាយ៣ផងដែរ។
សូមបញ្ជាក់ថា គ.ជ.ប បានបិទផ្សាយ បញ្ជីបោះឆ្នោតដំបូង សម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា អាណត្តិទី៤ ឆ្នាំ២០១៨ នៅតាមការិយាល័យ ៣៣ទូទាំងរាជធានី/ខេត្ត ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧តទៅ ដើម្បីឱ្យអង្គបោះឆ្នោតនានា ពិនិត្យឈ្មោះ និងប្តឹងតវ៉ាអំឡុងពេល១០ថ្ងៃ។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា មានការិយាល័យចំនួន៣៣ នៅក្នុង២៥រាជធានី/ខេត្ត ដោយមានអង្គបោះឆ្នោតសរុប ១១,៦៩៥នាក់ ក្នុងនោះមាន ក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងតំណែងចំនួន ១១,៥៧២នាក់ និង តំណាងរាស្រ្តក្នុងតំណែង ១២៣នាក់៕