(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស) បានគូសបញ្ជាក់ថា តាមរយៈរបាយការណ៍ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៧ បានឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពការងារចំនួន ៥ចំណុច គួរឱ្យកត់សម្គាល់ ពិសេសបានជំរុញឲ្យការអនុវត្តចំណាយថវិការដ្ឋកាន់តែមានប្រសិទ្ធភាព និងចំគោលដៅ។
លោកបណ្ឌិតសភាចារ្យលើកឡើងបែបនេះ ត្រូវបានធ្វើឡើងកិច្ចប្រជុំគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងតំណាងដៃគូអភិវឌ្ឍន៍ របស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ) នាថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងតំណាងដៃគូអភិវឌ្ឍន៍។
លោកបណ្ឌិតសភាចារ្យ បានឲ្យដឹងថា តាមរយៈរបាយការណ៍ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៧ បានឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងនោះរួមមាន៖
១៖ ការអនុវត្តការប្រមូលចំណូល៖ បន្តពង្រឹងភាពជឿទុកចិត្តនៃថវិកា» មានភាពរឹងមាំ និងសម្រេចបានលើសផែនការត្រីមាស និងការអនុវត្តចំណាយកាន់តែមានប្រសិទ្ធភាព និងចំគោលដៅ។
២៖ បន្តពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុ ក៏មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ផងដែរ ក្នុងនោះចំណាត់ថ្នាក់ថវិកាទាំង៧ ត្រូវបានប្រកាសដាក់ឱ្យអនុវត្ត និងប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ក្នុងជំហានទី២ បានត្រៀមលក្ខណៈសម្រាប់ដាក់ឱ្យអនុវត្តជាផ្លូវការ នៅតាមក្រសួង-ស្ថាប័នចំនួន១០ ក្នុងឆ្នាំ២០១៨នេះ។
៣៖ ការអនុវត្តអង្គភាពថវិកា និងថវិកាកម្មវិធីត្រូវបានពង្រីកទៅតាមក្រសួងស្ថាប័ន ក្នុងចំនួនគួរឱ្យកត់សម្គាល់ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ។
៤៖ ការត្រៀមខ្លួនសម្រាប់ជំហានបន្ទាប់។
៥៖ ការគាំទ្រដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយជោគជ័យ និងចីរភាព គឺស្ថិតក្នុងស្ថានភាពល្អប្រសើរ។
ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាលក៏បានបញ្ចប់សេចក្តីព្រាងឯកសារយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ២០១៧-២០២៥ ដែលជាឯកសារយុទ្ធសាស្រ្តដ៏សំខាន់ ដើម្បីនាំប្រព័ន្ធថវិកាកម្ពុជាឆ្ពោះទៅរកស្តង់ដារអន្តរជាតិ។
តំណាងដៃគូអភិវឌ្ឍន៍បានធ្វើការកត់សម្គាល់ និងសម្ដែងការអបអរសាទរចំពោះវឌ្ឍនភាព ក៏ដូចជាសមិទ្ធផលគន្លឹះៗជាច្រើនរបស់រាជរដ្ឋាភិបាល ដែលសម្រេចបានតាមរយៈកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ជាពិសេសការកៀរគរចំណូល និងវឌ្ឍនភាពនៃប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជំហានទី១ និងការវិវដ្តនៃជំហានទី២។ លើសពីនេះ ដៃគូអភិវឌ្ឍន៍ក៏នឹងបន្តគាំទ្រដល់រាជរដ្ឋាភិបាលផងដែរ ក្នុងកិច្ចការសំខាន់មួយចំនួន ដើម្បីជំរុញការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាបន្តបន្ទាប់។
លោកទេសរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា សមិទ្ធផលទាំងនេះ គឺកើតចេញពីការរួមចំណែកយ៉ាងសកម្មពីគ្រប់តួអង្គពាក់ព័ន្ធ ដែលជាកត្តាលីករជំរុញវឌ្ឍនភាពការងារកែទម្រង់ ឱ្យកាន់តែមានប្រសិទ្ធភាព និងកាន់តែប្រសើរឡើងពីមួយដំណាក់កាលទៅមួយដំណាក់កាល។
ថ្លែងក្នុងមតិបូកសរុប លោកបណ្ឌិតសភាចារ្យទេសរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ក្រសួង-ស្ថាប័ន ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងស្នើបន្តកិច្ចសហការ ព្រមទាំងការចូលរួមឱ្យកាន់តែសកម្ម ក្នុងទិសដៅតម្កល់ប្រយោជន៍ជាតិជាធំ។
សូមជម្រាបថា កិច្ចប្រជុំនេះប្រព្រឹត្តទៅរយៈពេលកន្លះថ្ងៃ ដោយផ្តោតសំខាន់លើការត្រួតពិនិត្យតាមដានវឌ្ឍនភាព នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ប្រចាំត្រីមាសទី៣ ឆ្នាំ២០១៧៕