(សៀមរាប)៖ សាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប សហការជាមួយមន្ទីរពាណិជ្ជកម្ម គណៈកម្មការ និងអាជា្ញធរដែនដី នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ នេះ បានបន្តចុះពិនិត្យគុណភាពម្ហូបអាហារ និងផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារនៅផ្សារក្រឡាញ់ និងនៅតាមផ្ទះលក់ទំនិញ ស្ថិតក្នុងភូមិសាស្រ្តឃុំកំពុងថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។
ក្នុងពេលត្រួតពិនិត្យនោះ ទំនិញជាម្ហូបអាហារប្រចាំថ្ងៃចំនួន១២គំរូ ត្រូវបានយកមកធ្វើវិភាគដែលរួមមាន៖ នំបាញ់ឌុក លតស្វិត ចាហ៊ួយខ្មៅ ស្ពៃជ្រក់ ចុងស្លាបមាន់ក្លាសេ សណ្តែកបណ្តុះ ប្រហិតសាច់មាន់ ប្រហិតសាច់គោ គុយទាវសរសៃតូច និងធំ និងណែមសាច់ត្រី។ ជាលទ្ធផល គឺមានអនុលោមភាពសុវត្ថិភាពទាំងអស់ ដោយពុំបានរកឃើញវត្តមានសារធាតុគីមី ហាមឃាត់នៅក្នុងផលិតផលម្ហូបអាហារដែលបានយកមកពិនិត្យទាំងនោះឡើយ។
បន្ទាប់ពីនោះសាខាក៏បានបន្តចុះពិនិត្យមើលនៅតាមផ្ទះលក់ទំនិញដើម្បីស្វែងរក និងមានវិធានការតាមនីតិវិធីតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានកាំកុងត្រូលចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ កន្លងមកនេះ នូផលិតផលម្សៅទឹកដោះគោ ដែលមានឈ្មោះផលិតផល លេខឡូតិ៍ ថ្ងៃខែឆ្នាំប្រើប្រាស់ មានចម្លងបាក់តេរី Salmonella Agona បង្កគ្រោះថ្នាក់ដល់សុខភាពទារក និង កុមារ ផលិតនៅរោងចក្រ Craon នៃប្រទេសបារាំង។
ជាលទ្ធផល ក្រុមការងារពុំបានរកឃើញមានផលិតផលទាំងនោះឡើយ ប៉ុន្តែបានរកឃើញផលិតផលខូចគុណភាពហួសកាលបរិច្ឆេទ កំណត់ប្រើប្រាស់ចំនួន ២៩៤ គីឡូក្រាម ហើយត្រូវបានធ្វើកំណត់ហេតុដកហូត ដើម្បីរៀបចំនីតិវិធីកំទេចចោល៕