(ភ្នំពេញ)៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានសម្ពោធដាក់ឲ្យដំណើរការកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈអគ្គិសនី និងអេឡិចត្រូនិក ដើម្បីផ្តល់ជំនាញផ្អែកលើសមត្ថភាព ដល់សិស្សនិងនិស្សិត។
ពិធីនេះ បានប្រារព្ធបើកជាផ្លូវការព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដោយមានការចូលរួមពីលោក ឡៅ ហ៊ីម ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មានថ្លែងថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានចូលរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងបរិបទនៃសង្គមពុទ្ធិ។
កម្មវិធីបណ្តុះបណ្តាលនេះ មានគោលបំណង៖
*ចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយការបង្កើននូវចំណេះដឹងនិងជំនាញដល់យុវជនដែលបោះបង់ការសិក្សា ហើយនឹងកំពុងធ្វើការនៅតាមក្រុមហ៊ុននិងសហគ្រាស អាចបន្តការសិក្សាពេញមួយជីវិតបាន។
*ពង្រឹងសមត្ថភាពកម្មករ និយោជិតរបស់ក្រុមហ៊ុន សហគ្រាស ឱ្យស្របតាមតម្រូវការទីផ្សារការងារ។ ៣)បង្កើនសមត្ថភាពផលិត និងគុណភាពផលិតផល ឲ្យត្រូវតាមតម្រូវការទីផ្សារសេដ្ឋកិច្ច និង ៤)ចូលរួមជាចំណែកអភិវឌ្ឍធនធានមនុស្សក្នុងផ្នែកវិជ្ជាជីវៈ(TEVET) ដោយបានអនុវត្តន៍តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោកបណ្ឌិតបន្តថា សាកលវិទ្យាល័យបានត្រៀមជាដំបូងនឹងបើកវគ្គសិក្សារយៈពេលខ្លី ៣ខែ និងវគ្គផ្លូវការនៃក្របខណ្ឌគុណវុឌ្ឍិរួមមាន៖
*វគ្គសិក្សាខ្លី៣ខែ លើជំនាញ៖ ១)ប្រព័ន្ធបណ្តាញបំភ្លឺក្នុងអគារ, ២)ប្រព័ន្ធបញ្ជាម៉ូទ័រ, ៣)សេវាកម្មកាម៉េរាសុវត្ថិភាព, និង ៤)សេវាកម្មអគ្គិសនីប្រើប្រាស់ថាមពលព្រះអាទិត្យ។
*វគ្គសិក្សាវិញ្ញាបនបត្រ វិជ្ជាជីវៈ លើជំនាញ ការងារដំឡើងបណ្តាញអគ្គិសនីក្នុងអគារ កម្រិត១។
*វគ្គសិក្សាសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត១-៣ លើជំនាញ៖ ១)ការងារដំឡើងបណ្តាញអគ្គិសនីក្នុងអគារ កម្រិត២, ២)ការងារដំឡើងបណ្តាញអគ្គិសនីក្នុងអគារ កម្រិត៣ និង ៣)ការងារដំឡើងបណ្តាញអគ្គិសនីក្នុងអគារ កម្រិត៤។
លោក ឡៅ ហ៊ីម បានសម្តែងនូវការគាំទ្រនិងកោតសរសើរដល់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះឡើង ស្របតាមផែនការយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចតេជោនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា នៅឆ្នាំ២០៣០ កម្ពុជានឹងក្លាយជាប្រទេសដែលមានចំណូលមធ្យម កម្រិតខ្ពស់។
ដើម្បីសម្រេចបានលទ្ធផលនេះ គឺគ្រឹះស្ថានទាំងអស់ ត្រូវបណ្តុះបណ្តាលធនធានមនុស្សឲ្យបានច្រើន ជាពិសេសជំនាញបច្ចេកទេស វិជ្ជាជីវៈ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិយើង៕