(ព្រះវិហារ)៖ ថ្លែងទៅកាន់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋប្រមាណ១ពាន់នាក់ នៅស្រុកគូលែន ខេត្តព្រះវិហារ ក្នុងឱកាសដែលលោកអញ្ជើញ ចូលរួមអបអរសារទរខួបអនុស្សាវរីយ៍លើកទី៣៩ ទិវាជ័យជំនះថ្ងៃ៧មករា «៧មករាឆ្នាំ១៩៧៩ ៧មករាឆ្នាំ២០១៨» នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទប់ស្កាត់ កុំឲ្យរបបប្រល័យពូជសាសន៍កើតមានជាលើកទី២ លើទឹកដីកម្ពុជា។
លោក អ៊ុន ចាន់ដា បានថ្លែងថា ដើមចមដែលកើតមានថ្ងៃ៧មករា មូលហេតុមកពីមានរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ជាព្រះប្រមុខរដ្ឋ ក្រុមរៀបចំរដ្ឋប្រហារនេះ គឺរៀបចំដោយលោក លន់ ណុល ដែលមានអាមេរិក នៅពីក្រោយខ្នង គឺផ្តួលរបបរាជានិយម ទម្លាក់ព្រះករុណា ព្រះមហាក្សត្រ យើងហើយត្រូវបាននិរទេស។ នៅពេលដែល លន់ ណុល ឡើងកាន់អំណាចពី១៩៧០ ដល់១៩៧៥ ប្រទេសជាតិ ត្រូវបានគេកត់សម្គាល់ថា ជាប្រទេសកាន់ប្រជាធិបតេយ្យហួសហេតុអាវ៉ាសែ។ ដូច្នេះការកាន់អំណាចរបស់លោកសេនាប្រមុខ លន់ ណុល មិនគង់វង្សដោយប្រជាពលរដ្ឋមិនគាំទ្រ ហើយក៏មានចលនារំដោះជាតិផ្តួលរំលំរបប លន់ ណុល ដើម្បីធ្វើយ៉ាងណាឲ្យរួចផុតពីរបបចក្រព័ត្រអាមេរិក។
លោក អ៊ុន ចាន់ដា «ខ្ញុំសូមអំពាវនាវឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋត្រូវរួមគ្នាថែរក្សា សុខសន្តិភាព ដែលមានស្រាប់នៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ឲ្យបានគង់វង់ស្ថិតស្ថេរយូរអង្វែង និងត្រូវទប់ស្កាត់កុំឲ្យរបបប្រល័យ ពូជសាសន៍នេះកើតមានជាលើកទី២ លើទឹកដីកម្ពុជាយើង»។
លោក អ៊ុន ចាន់ដា បានបន្តថា ក្រោយពីរំដោះបានរបបកម្ពុជាប្រជាធិបតេយ្យ ក៏កើតឡើងហើយបានគៀងគរប្រជាពលរដ្ឋឲ្យចាកចេញពី ទីក្រុងភ្នំពេញ ដោយយកលេសថាអាមេរិក និងទម្លាក់គ្រាប់បែក ហើយពេលនោះក៏មានការកាប់សម្លាប់ បង្ខំឲ្យប្រជាពលរដ្ឋធ្វើការងារហួសកម្លាំង ហូបមិនគ្រប់គ្រាន់និយាយរួមយើងតែងហៅរបបឃោរឃៅនេះថាជារបបគុគឥតជញ្ជាំង។ ដោយមើលឃើញនូវរបបឃោរឃៅនេះ សាហាវហួស ហេតុពេកទើបមានរណសិរ្សសាមគ្គីសង្រ្គោះជាតិ កើតឡើងរួមគ្នាវាយរំលំរបប ប៉ុល ពត ទើបយើងទទួលបាន ថ្ងៃជយ័ជំនះថ្ងៃ៧ មករានេះ និងបន្តរហូតធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍន៍ និងប្រជាពលរដ្ឋមានសិទ្ធិសេរីភាពមានជីវភាពធូរធាគ្រប់ក្រុមគ្រួសារ រហូតមកដល់សព្វថ្ងៃនេះ។
លោក អ៊ុន ចាន់ដា បានគូសបញ្ជាក់ផងដែរថា ទិវាជ័យជំនះ៧មករា ដែលយើងប្រារព្ធធ្វើនៅថ្ងៃនេះ គឺចង់បញ្ជាក់ឲ្យឃើញពីការរស់រានមានជីវិត រួចផុតពីការកាប់សម្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលមានរយះពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ ហើយមួយទៀត គឺចង់បញ្ជាក់អំពីជ័យជំនះ ដ៏ត្រចះត្រចង់ដែលកើតឡើងពីស្មារតីសាមគ្គីភាពការរួបរួមពីសំណាក់ប្រជាពលរដ្ឋក៏ដូចជាកងកម្លាំងប្រដាប់អាវុធរបស់យើងដែលបង្កើតបាន នូវចលនារណសិរ្សសាមគ្គីសង្រ្គោះជាតិ ហើយក៏បានផ្តួលរំលំនូវរបបប្រល័យពូជសាសន៍មួយនេះឲ្យដួលរលំរលាយ៕