(កណ្ដាល)៖ ការធ្វើកូដកម្មតវ៉ាដ៏រំារៃពីសំណាក់កម្មករ កម្មការិនីរោងចក្រកាត់ដេរ សំលៀកបំពាក់ហ្គាវ័ន្ត នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ មកដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨នេះ កម្មករនៅតែបន្តបោះតង់ធ្វើកូដកម្មនៅខាងមុខរោងចក្រ មិនព្រមចូលធ្វើការ បើទោះបីក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងតុលាការបង្គាប់ឲ្យកម្មករ ចូលធ្វើការវិញតាមតួនាទីក្ដី។
ការតវ៉ារបស់កម្មករនេះ បានធ្វើឱ្យខាតបង់ទាំងខាងក្រុមហ៊ុន និងខាងកម្មករនិយោជិកផងដែរ ខណៈដំណើរការសង្វាក់ផលិតកម្មរោងចក្រនេះ បានផ្អាកទាំងស្រុងចាប់តាំងពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១៧មក។
ក្នុងសន្និសិទ្ធសារព័ត៌មាននៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨នេះ នៅក្នុងរោងចក្រ ហ្គាវន្ត័ ដែលមានមន្ត្រីជំនាញចូលរួមផងនោះ លោកស្រី ហាក់ ប៉ាន់យ៉ា នាយយកគ្រប់គ្រងក្រុមហ៊ុននេះ បានថ្លែងថា ការតវ៉ារបស់កម្មករនេះ បានធ្វើឱ្យខាតបង់ទាំងខាងក្រុមហ៊ុន ខាតបង់ច្រើន និងខាងកម្មករនិយោជិកផងដែរ មិនបម្រើការងាររបស់ខ្លួន ដោយសារដំណើរការសង្វាក់ផលិតកម្មរោងចក្របានផ្អាកទាំងស្រុង។
លោកស្រីបន្តថា ចំពោះការធ្វើកូដកម្មរបស់កម្មករ គឺខាងក្រុមហ៊ុន បានព្យាយាមធ្វើការដោះស្រាយជូនកម្មរ តែមិនបានត្រូវរ៉ូវគ្នាទាំងស្រុង។ ចំពោះការលើកឡើងរបស់កម្មករថា បើកប្រាក់ខែគោល មិនគ្រប់ចំនួននោះ គឺខាងក្រុមហ៊ុនបានកាត់លុយ ក្នុងអំឡុងពេលកម្មករ មិនចូលធ្វើការ និងចំពោះកម្មករលើកឡើងថា មិនបើកលុយព្រីម លុយធ្វើដំណើរ លុយផ្សេងៗទៀតនោះ គឺក្រុមហ៊ុនបានកាត់ ព្រោះក្នុងអំឡុងពេលកម្មករករ ធ្វើកូដកម្មមិនចូលធ្វើការ។ ចំពោះ ការលើកឡើងរបស់កម្មករថា ខាងក្រុមហ៊ុន បានព្យួរការងារកម្មករទាំងអស់នោះ គឺមិនពិតទេ គឺព្យួរការងារកម្មករ ចំនួនតិចតួចរយៈពេលខ្លីតែប៉ុណ្ណោះ តាមផ្នែកណាដែលគ្មានការងារធ្វើ។
លោកស្រីនាយយកគ្រប់គ្រងលើកឡើងទៀតថា ខាងក្រុមហ៊ុនបានខាតបង់ថវិកាច្រើនណាស់ ក្នុងអំឡុងពេលកម្មករ ធ្វើការតវ៉ានេះ ស្របពេលដែល អ្នកបញ្ជារទិញបានបញ្ជាទិញខោអាវយ៉ាងច្រើន ហើយកម្មករមិនចូលធ្វើការបែបនេះ សូម្បីតែដឹកទំនិញចេញចូល ក្នុងរោងចក្រមិនបានផង ត្រូវកម្មករហាមឃាត់ រារាំង បិទផ្លួវខាងមុខរោងចក្រនេះ។
លោកស្រីថា ក្នុងចំណោមកម្មករកម្មការិនី៩០០នាក់ អ្នកតវ៉ាមានប្រមាណ៥០០នាក់ប៉ុណ្ណោះ ហើយអ្នកមកធ្វើការងារមួយចំនួន ក៏ត្រូវបានក្រុមអ្នកតវ៉ា ធ្វើការរារាំងមិនឱ្យចូលធ្វើការផងដែរ។ ការតវ៉ារបស់កម្មករ ជាទង្វើខុសច្បាប់។ លោកស្រីក៏បានសំណូមពរឱ្យកម្មករ ចូលធ្វើការវិញ តាមតួនាទីរបស់ខ្លួន បើមិនដូចនេះទេ ខាងក្រុមហ៊ុន និងចាត់ការតាមច្បាប់។
លោក ម៉ៃ និមិត្ត ប្រធានរដ្ឋបាលរោងចក្រ ហ្គាវ័ន្ត បានប្រាប់ឱ្យដឹងថា ខណៈពេលកម្មករធ្វើធ្វើការតវ៉ា ខាងតំណាងក្រុមហ៊ុន បានព្យាយាមធ្វើការដោះស្រាយ ជាមួយកម្មករដោយមានមន្ត្រីមកពីមន្ទីការងារចូលរួមតែមិនត្រូវរ៉ូវគ្នាទេ និងបានបញ្ជូនទៅដោះស្រាយ នៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានបង្គាប់ឱ្យ កម្មករ និយោជិក ចូលធ្វើការតាមតួនាទីរៀងៗខ្លួន។ បន្ទាប់មកបានបញ្ជូន ទៅតុលាការ ហើយចៅក្រម សាលាដំបូងខេត្តកណ្ដាល បានចេញដីការរក្សាការពារ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ បានបបង្គាប់ឱ្យបុគ្គលិក កម្មករ និយោជិកទាំងអស់ ឱ្យចូលបំរើការងារ ឱ្យបានទៀងទាត់ តាមវេន ក្រុម តួនាទី និងភារកិច្ចរៀងៗខ្លួន ក្នុងករណីមិនចូលបំរើការងារវិញផុត ពេលកំណត់២៨ម៉ោង ចាប់ពីពេលទទួលដីការនេះ សន្មត់ថាមានកំហុសធ្ងន់។ ជាមួយគ្នានេះ តុលាការបានបង្គាប់ឱ្យ កម្មករ និយោជិក សហពន្ធ័ សហជីពរោងចក្រនេះ បញ្ឈប់សកម្មភាពញុះញុង ដឹកនាំកម្មករ ចាក់មេក្រូបិទផ្លូវ និងច្រកចេញចូលរោងចក្រ។ ហាមឃាត់សកម្មភាពផ្សេងៗនាំឲ្យ ប៉ះពាល់សង្វាក់ផលិតកម្មរោងចក្រ និងរង់ចាំពេលតុលាការសម្រេចអង្គសេចក្ដីចប់ជាស្ថារពរ។ ហើយកម្មករក៏បានដឹងផងដែរ។ ប៉ុន្តែកម្មករនៅមិនអនុវត្តតាមដីការនេះទេ។
លោក លឹម សារ៉ុម ប្រធានការិយាល័យ អធិការកិច្ចនិងវិវាទការងារនៃមន្ទីការងារខេត្តកណ្ដាល បានប្រាប់ឱ្យដឹងថា ករណីវិវាទនៅក្នុងរោងចក្រកាត់ដេរ ហ្គាវ័ន្ត នេះ ខាងមន្ទីរជំនាញបានធ្វើការដោះស្រាយ ប៉ុន្តែមិនបានត្រូវរូវគ្នា ពេលនេះសំណុំរឿងនេះ ត្រូវបានតុលាការ កំពុងបន្តនីតិវិធី។
បើទោះជាបែបណាក្តី នៅព្រឹកថ្ងៃទី៥ ខែមករានេះ កម្មករដែលកំពុងធ្វើការតវ៉ាខាងមុខរោងចក្រ បានសំណូមពរ ដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជួយអន្តរាគមន៍រកដំណោះស្រាយ តាមច្បាប់ការងារ ដល់កម្មករកម្មការិនីផង។
កម្មករសង្ឃឹមលើប្រាក់ឈ្នួល សំរាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃការហូបចុក ស្នាក់នៅជាដើម ហើយថៅកែរោងចក្រ បើកប្រាក់ឲ្យមិនគ្រប់បែបនេះ កម្មករមានការលំបាកខ្លាំងណាស់ ព្រោះខ្វះលុយទិញអាហារ និងលុយឈ្នួលជួលផ្ទះជាដើម។
គួរបញ្ជាក់ថា កម្មកររោងចក្រហ្គាវ័ន្ត អឹភែរឹល បាននាំគ្នាធ្វើកូដកម្ម ចាប់តាំងពីថ្ងៃទី១១ធ្នូ ឆ្នាំ២០១៧មក ដោយបោះតង់នៅខាងមុខរោងចក្រ និងបិទផ្លូវជាតិលេខ២១ ខាងមុខរោងចក្រនេះ ជាញឹកញាប់៕