(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨នេះ ចេញសេចក្ដីណែនាំ ស្ដីពីការលុបបំបាត់ប៉ុស្ដិ៍ត្រួតពិនិត្យ នៅផ្ទៃក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសរបស់សម្តេចក្រឡាហោម ស ខេង ដែលអង្គភាពព័ត៌មាន Fresh News ទទួលនៅល្ងាចថ្ងៃនេះ។
តាមសេចក្ដីណែនាំរបស់សម្ដេច ស ខេង បញ្ជាក់ថា គោលបំណងដើម្បីបង្កលក្ខណៈសម្បត្តិល្អប្រសើរជូនពលរដ្ឋ ក្នុងការធ្វើសកម្មភាពប្រកបមុខរបរ លើកស្ទូយជីវភាពប្រចាំថ្ងៃដោយភាពកក់ក្ដៅ គ្មានការរំខាន ព្រមទាំងលុបបំបាត់ឲ្យបាននូវអំពើអសកម្មភាពនានា ដែលតែងតែកើតមានឡើងនៅតាមប៉ុស្ដិ៍ត្រួតពិនិត្យ។
ជាមួយគ្នានោះ សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ត្រូវតែរំសាយ និងបញ្ឈប់ទាំងស្រុង នូវរាល់សកម្មភាពរបស់ប៉ុស្ដិ៍ត្រួតពិនិត្យ ទាំងអស់នៅផ្ទៃក្នុងប្រទេស និងត្រូវធានាឲ្យបានដាច់ខាតមិនឲ្យមាន អំពើអសកម្មណាមួយកើតឡើង ធ្វើឲ្យប៉ះពាល់គោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល៕