(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានណែនាំដល់គណៈបញ្ជាការឯកភាពខេត្ត និងគណះកម្មាធិការសមាគមអតីតយុទ្ធជនខេត្តព្រះវិហារ ត្រូវយកចិត្តទុកដាក់ថែរក្សា និងគ្រប់គ្រងដីបម្រុងទុករបស់រដ្ឋសម្រាប់គោលដៅសម្បទានសង្គមកិច្ចឲ្យបានច្បាស់លាស់ ជាពិសេសទប់ស្កាត់ឲ្យបានការរំលោភទន្ទ្រានពីជនខិលខូច។
លោកអគ្គលេខាធិការ ក៏បានណែនាំឲ្យមានការសហការពិនិត្យផ្ទៀងផ្ទាត់ឈ្មោះអតីតយុទ្ធជន ដែលបានស្នើសុំដីសម្បទានសង្គមកិច្ចតាំងពីឆ្នាំ២០០៩ រៀងមក តាមបញ្ជីដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជូនឲ្យ ដើម្បីសមាគមពិនិត្យដោះស្រាយជូនបងប្អូនដែលក្រីក្រខ្វះខាតដីពិតប្រាកដ។
ការណែនាំរបស់នាយឧត្តមសេនីយ គន់ គីម បានធ្វើឡើងក្មុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ជាមួយគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត ក្រុង ស្រុក និងសាខាឃុំ សង្កាត់ នៅសាលាខេត្តព្រះវិហារ នៅថ្ងៃសុក្រ ៤ រោច ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨នេះ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តព្រះវិហារ។
ឧត្តមសេនីយ៍ ច័ន្ទ សុភត្រា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត បានឲ្យដឹងថា ក្នុងចំណោមអតីតយុទ្ធជន ២០៩គ្រួសារ ខេត្តបានសហការផ្ទៀងផ្ទាត់រកឃើញ អតីតយុទ្ធជនក្នុងខេត្តព្រះវិហារចំនួន ៧៦គ្រួសារ និងកំពុងបន្តពិនិត្យផ្ទឿងផ្ទាត់រកអតីតយុទ្ធជនបណ្តាខេត្តដទៃទៀត ដែលបានដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ចនៅខេត្តព្រះវិហារកន្លងមកនេះ។ បច្ចុប្បន្នខេត្ត កំពុងត្រៀមដីមប្រុង ទុករបស់រដ្ឋជាង ២,០០០ហិកតា ដើម្បីដោះស្រាយផ្តល់ជូនអតីតយុទ្ធជនតាមការកំណត់របស់រាជរដ្ឋាភិបាល។
សូមបញ្ជាក់ថា តាមរយៈនៃការធ្វើបច្ចុប្បន្នភាពកន្លងមក សមាគមបានរកឃើញថា នៅក្នុងខេត្តព្រះវិហារមានអតីតយុទ្ធជនក្រីក្រ មានដី តែមានផ្ទះ មិនសមរម្យចំនួន ៣៣គ្រួសារ និងអ្នកគ្មានទាំងដី គ្មានទាំងផ្ទះចំនួន ៨៣គ្រូសារ។ មកដល់ពេលនេះ តាមរយៈសំណើរបស់នាយឧត្តមសេនីយ គន់ គីម សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្រេចសាងសង់ផ្ទះជូនបងប្អូន សមាជិកសមាគមអតីតយុទ្ធជនក្រីក្រ ក្នុងខេត្តព្រះវិហារ លើដីកម្មសិទ្ធិស្រាប់ បានចំនួន ១៦គ្រួសារហើយ៕