(ប៉េកាំង)៖ ក្រុមហ៊ុនឧស្សាហកម្មយន្ដហោះចិន (AVIC) បានធ្វើការសាកល្បងដោយជោគជ័យនូវយន្ដហោះដ្រូនចម្បាំងជំនាន់ថ្មីឈ្មោះ Wing-Loong II ដែលមាន លក្ខណៈប្រហាក់ប្រហែលនឹងយន្ដហោះដ្រូនអាមេរិក MQ-9 Reaper។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី០៥ ខែមករា ឆ្នាំ២០១៨។
យោងតាមក្រុមហ៊ុន AVIC នៅក្នុងការធ្វើតេស្ដនេះ យន្ដហោះដ្រូន Wing-Loong II បានប្រើប្រាស់អាវុធចំនួន០៨ប្រភេទ និងបាញ់មីស៊ីលចំគោលដៅយ៉ាងល្អឥតខ្ចោះ។ Wing-Loong II ដែលជាយន្ដហោះដ្រូនមានលក្ខណៈប្រហាក់ប្រហែលនឹងយន្ដហោះដ្រូនអាមេរិក MQ-9 Reaper ត្រូវបានអភិវឌ្ឍឡើងដោយតាមបញ្ជារបស់ ក្រសួងការពារជាតិចិន។ ជាងនេះទៅទៀត យន្ដហោះដ្រូនប្រភេទនេះ អាចហោះហើរក្នុងល្បឿន៣៤០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងរយៈកម្ពស់០៩គីឡូម៉ែត្រ ហើយវាអាច ផ្ទុកទម្ងន់៤៨០គីឡូម៉ែត្រ ព្រមទាំងអាចហោះបានរយៈពេល២០ម៉ោង។
គួរបញ្ជាក់ថា យន្ដហោះដ្រូនអាមេរិក MQ-9 Reaper មានសមត្ថភាពហោះហើរក្នុងល្បឿង៤៨០គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចហោះនៅរយៈកម្ពស់១៥គីឡូម៉ែត្រ ហើយអាចផ្ទុកទម្ងន់បាន៦៨០គីឡូម៉ែត្រ៕