(កំពង់ស្ពឺ)៖ កន្លែងធ្វើអាជីវកម្មលាងរថយន្តចំនួន៩ទីតាំងស្មើនឹង៩គ្រួសារ ស្ថិតលើផ្លូវជាតិលេខ៤ ត្រូវបានតំណាងអយ្យកាសាលាដំបូងខេត្តកំពង់ស្ពឺ លោក អ៊ូ ផាត ដឹកនាំកម្លាំងចម្រុះ រុះរើ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះ បន្ទាប់ពីមន្ទីរសាធារណការ និងដឹកជញ្ជូន ព្រមទាំងអាជ្ញាធរចុះណែនាំធ្វើកិច្ចសន្យាជាច្រើនលើក ច្រើនសារ តែមិនព្រមស្តាប់។
លោក ហុង ចាន់សុខា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បាននិយាយថា ការរុះរើនេះ គឺស្ថិតក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយប្រជាពលរដ្ឋទាំង៩គ្រួសារ បានធ្វើអាជីវកម្មលាងរថយន្តល្មើសច្បាប់ រំលោភយកផ្លូវជាតិលេខ៤ នៅខាងលិចចំណោទ លោកយាយម៉ៅពេជ្រនិលដឹកនាំដោយ លោក អ៊ូ ផាត ព្រះរាជអាជ្ញារង អមសាលដំបូងខេត្តកំពង់ស្ពឺ ព្រមទាំងមានការចូលរួមពីមន្ត្រីនគរបាល កងរាជអាវុធហត្ថ និងមន្ត្រីយោធាឈរជើងក្បែរទីតាំងនេះផងដែរ។
លោកប្រធានមន្ទីរ បានសំណូមពរដល់ប្រជាពលរដ្ឋទាំង៩គ្រួសារ ដែលយកផ្លូវជាតិលេខ៤ ធ្វើជាកន្លែងលាងរថយន្ត ត្រួវបញ្ឈប់ចាប់ពីពេលនេះតទៅ បើពុំដូច្នេះទេ នឹងអនុវត្តន៍តាមផ្លូវច្បាប់ជាក់ជាមិន ខានឡើយ។
លោកបន្តទៀតថា ប្រជាពលរដ្ឋដែលលួចបើកកន្លែងលាងរថយន្តលើផ្លូវប៉េតុង ជាប់ផ្លូវជាតិលេខ៤ មន្ទីរសាធារណការ និងដឹកជញ្ជូន បានណែនាំតាមរយៈធ្វើ កិច្ចសន្យា រួមទាំងការចុះណែនាំផ្ទាល់ និងធ្វើកិច្ចសន្យាឱ្យរុះជាច្រើនលើក កន្លងមកហើយ ប៉ុន្តែពួកគាត់មិនបានស្តាប់តាមការណែនាំឡើយ ទើបឈានទៅចុះរុះរើ ដើម្បីកុំឲ្យប៉ះពាល់ផ្លូវសាធារណៈរបស់រដ្ឋ និងភ្នែកទេសចរណ៍ផងដែរ។
លោក ហុង ចាន់សុខា បានបញ្ជាក់ថា «សកម្មភាពលាងរថយន្តលើផ្លូវប៉េតុង ផ្លូវជាតិលេខ៤នេះ បង្កឲ្យមានការប៉ះពាល់ដល់ផ្លូវសាធារណៈ ស្លែរកាត់ផ្លូវ ពុកផុយប៉េតុងងាយនឹងខូចខាត ជាពិសេសអាចបង្កឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ ការលួចបង្កប់ទុយយោទឹកទំលាក់ពីលើភ្នំមកបាញ់លាង រថយន្តនេះ កើតមានជាយូមកហើយ ប៉ុន្តែពួកគាត់មិនស្តាប់ការណែនាំរបស់ អាជ្ញាធរទើប មានវិធានការចុះរុះរើតែម្តង»។
លោក អ៊ូ ផាត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យដឹងថា ការចុះរុះរើកន្លែងលាងរថយន្តចំនួន៩ទីតាំង លើផ្លូវជាតិលេខ៤ ព្រោះតែពួក គាត់បង្កឱ្យប៉ះពាល់លើផ្លូវសាធារណៈ អាចនឹងធ្វើឱ្យខួចខាតផ្លូវ ងាយបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ដោយសារផ្លូវផងដែរ ហើយប្រសិនបើមិនងាយចាល និងនៅបន្តលួចធ្វើទៀត នឹងមានវិធានការតាមផ្លូវច្បាប់ជាក់ជាមិនខាន៕