(សៀមរាប)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ បានក្រើនរំលឹកដល់សហគ្រាសទាំងអស់ ត្រូវបំពេញកាតព្វកិច្ចសារពើពន្ធរបស់ខ្លួន ដោយបង់ប្រាក់ពន្ធជូនរដ្ឋតាមច្បាប់កំណត់ ចៀសវាងការទទួលរងនូវការពិន័យ ទោសទណ្ឌនានា នៅពេលដែលរដ្ឋបាលសារពើពន្ធ រកឃើនូវកំហុសនានា ពេលចុះធ្វើសវនកម្ម។
ការអំពាវនាវ និងក្រើនរំលឹករបស់អគ្គនាយកពន្ធដាររូបនេះ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពី «ពន្ធប្រថាប់ត្រាលើការផ្ទេរយានយន្ត កំណែទម្រង់រដ្ឋបាលសារពើពន្ធ (E-Payment) និង កាតព្វកិច្ចពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ» នៅសណ្ឋាគារសូហ្វីតែល អង្គរ ខេត្តសៀមរាប។
សិក្ខាសាលាដ៏មានតម្លៃនេះ ក៏មានការចូលរួមពី ប្រធាន-អនុប្រធាននាយកដ្ឋានថ្នាក់កណ្តាល ប្រធានសាខាពន្ធដារខេត្ត ប្រធានសភាពាណិជ្ជកម្មខេត្ត ប្រធានមន្ទីរនានា រួមជាមួយ លោក លោកស្រី ជាមន្ត្រីជំនាញពាក់ព័ន្ធ និងមានការចូលរួមពីសំណាក់ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា ជាអភិបាល បណ្ណាធិការ ជាម្ចាស់និងជាតំណាងសហគ្រាស និងអ្នកជាប់ពន្ធប្រមាណជាង៤០០នាក់ផងដែរ។
ក្នុងឱកាសនោះ លោក គង់ វិបុល បានគូសបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៥ បាននិងកំពុង អនុវត្តយ៉ាងហ្មត់ចត់នូវយុទ្ធសាស្ត្រកៀរគរចំណូល រយៈពេលមធ្យមឆ្នាំ ២០១៤-២០១៨ ក្នុងនោះគឺ
ទី១៖ មិនមានការបង្កើនអត្រាពន្ធឬបង្កើតពន្ធថ្មី
ទី២៖ មានតែពង្រឹងច្បាប់ និងបទប្បញ្ញត្តិស្តីពីពន្ធដារមានស្រាប់
ទី៣៖ ពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធ ឱ្យអស់សក្តានុពលដែលមានស្រាប់
ទី៤៖ ធានាឱ្យបាននូវភាពងាយស្រួល សមធម៌ និងភាពត្រឹមត្រូវក្នុងការបង់ពន្ធ។
លោកបន្តថា ជាលទ្ធផល បេសកកម្មក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធក្នុងរយៈពេល៥ឆ្នាំចុងក្រោយ តែងតែសម្រេចបានលើសផែនការច្បាប់បានកំណត់ ជាពិសេសសម្រាប់ឆ្នាំ២០១៧ ដែលយោងតាមលទ្ធផលតាមប្រព័ន្ធ Online សម្រេចនូវលទ្ធផលជាប្រវត្តិសាស្ត្រ សម្រាប់អគ្គនាយកដ្ឋានពន្ធដារ និងជូនរាជរដ្ឋាភិបាល ដោយសម្រេចបាន១១៣% ធៀបនឹងផែនការច្បាប់កំណត់។ លទ្ធផលនេះ គឺសម្រេចបានដោយមានការគាំទ្រ របស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងកិច្ចខិតខំប្រឹងប្រែងអនុវត្តយ៉ាងហ្មត់ចត់ នូវយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យមឆ្នាំ ២០១៤-២០១៨ ព្រមទាំងការចូលរួមរបស់សហគ្រាស ជាអ្នកជាប់ពន្ធទាំងឡាយ។
លោក គង់ វិបុល បានបញ្ជាក់ថា ឆ្នាំ២០១៨នេះ គឺជាឆ្នាំចុងក្រោយ សម្រាប់អនុវត្តនូវ យុទ្ធសាស្ត្រកៀរគរចំណូល រយៈពេលមធ្យម២០១៤-២០១៨ ដែលអគ្គនាយកដ្ឋានពន្ធដារ នៅបន្តពង្រឹងយ៉ាងខ្ជាប់ខ្ជួន នូវមុខងាររដ្ឋបាលសំខាន់ៗពីរ គឺមុខងារប្រតិបត្តិការស្នូល (ការចុះបញ្ជីពន្ធដារ សេវាអ្នកជាប់ពន្ធ ចាត់ចែងលិខិតប្រកាស សវនកម្ម និងការគ្រប់គ្រងប្រមូលបំណុលពន្ធនិងការដោះស្រាយវិវាទសារពើពន្ធ) និងមុខងារគាំទ្រ (ការពង្រឹងរចនាសម្ព័ន្ធ, ការគ្រប់គ្រងធនធានមនុស្ស និងបច្ចេកវិទ្យាពត៌មាន)។ អគ្គនាយកដ្ឋានពន្ធដារ បានដាក់ឱ្យដំណើរការនូវ ការដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធតាមប្រព័ន្ធអេឡិកត្រូនិក (E-Payment)។
ឆ្លៀតក្នុងឱកាសនេះ ដើម្បីអាចបង់ប្រាក់ពន្ធតាមប្រព័ន្ធនេះបាន លោក គង់ វិបុល អំពាវនាវឱ្យសហគ្រាសទាំងអស់ ដែលមិនទាន់បានធ្វើបច្ចុប្បន្នភាព សូមមកធ្វើបច្ចុប្បន្នភាពព័ត៌មាន សហគ្រាសឱ្យបានច្បាស់លាស់ ជាពិសេសលេខទូរស័ព្ទដៃ និងអាស័យដ្ឋាន E-mail។ អគ្គនាយកដ្ឋានពន្ធដារ គ្រោងនឹងដាក់ឱ្យដំណើរការ នូវការដាក់លិខិតប្រកាស តាមប្រពន្ធអេឡិចត្រូនិកផង E-filing ឆាប់ៗនេះផងដែរ។
អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីណែនាំលេខ ០២២អពដ ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ ស្តីពីការអនុវត្តប្រមូលពន្ធប្រថាប់ត្រា ចំពោះការផ្ទេរសិទ្ធិកាន់កាប់ មធ្យោបាយមធ្យោបាយដឹកជញ្ជូន ក្នុងន័យធានាផ្តល់សេវាបង់ពន្ធនេះ ឱ្យមានប្រសិទ្ធិភាព សង្គតិភាព តម្លាភាព និងកាន់តែងាយស្រួល ឆាប់រហ័សជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវខ្ពស់។
អគ្គនាយកដ្ឋានពន្ធដារ បានដាក់ឱ្យដំណើរការនូវ CALL CENTER ដើម្បីផ្តល់ការពិគ្រោះយោបល់ និងសេវាដល់អ្នកជាប់ពន្ធ អង្គភាពពន្ធដារដទៃទៀត និងផ្នែកឯកជននានា ដោយមានទទួលការហៅ ចូលរបស់អ្នកជាប់ពន្ធ និងសាធារណជនតាមរយៈទូរស័ព្ទ HOTLINE លេខ ១២៧៧ និង ០២៣ ៨៨៦ ៦៦៨។ បន្ថែមពីលើនេះទៀត សាធារណជនអាច ជជែកអំពីបញ្ហាពន្ធ តាមកម្មវិធី TAX LIVE CHAT ដែលអាចទាញយកបានពី iOS ឬ Android ដាក់ក្នុងទូរស័ព្ទស្មាតហ្វូន។
លោកអគ្គនាយកបានលើកឡើងទៀតថា សម្រាប់ «ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ» និង «ពន្ធលើអចលនទ្រព្យ» ចលនទ្រព្យ និងអចលនទ្រព្យ ដែលបានចុះបញ្ជីរួចហើយ និងទទួលបានប័ណ្ណសម្គាល់ ដែលសម្រួលនៅពេលបង់ពន្ធ គឺលោក-លោកស្រីជាម្ចាស់អចលនទ្រព្យ ឬចលនទ្រព្យអាចទៅបង់ប្រាក់ពន្ធ នៅតាមធនាគារ ឬ នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ ឬសាខាពន្ធដារខេត្ត-ខណ្ឌ ហើយអាចទទួលបានការបញ្ជាក់ការបង់ប្រាក់ពន្ធ និងបោះពុម្ពប័ណ្ណជូនអ្នកជាប់ពន្ធភ្លាមៗ ដែលការអនុវត្តនេះ នឹងផ្តល់អត្ថប្រយោជន៍ ដោយជួយកាត់បន្ថយពេលវេលា ការធ្វើដំណើរ និងសោហ៊ុយចំណាយ ដែលជាបន្ទុករបស់លោក-លោកស្រីជាម្ចាស់ អចលនទ្រព្យឬចលនទ្រព្យបានយ៉ាងច្រើន។ ដូចនេះ អគ្គនាយកដ្ឋានពន្ធដារស្នើលោក-លោកស្រី ជាម្ចាស់អចលនទ្រព្យឬចលនទ្រព្យ ជួយបង្កភាពងាយស្រួល និងសហការជាមួយមន្ត្រីពន្ធដារ ក្នុងការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពអចលនទ្រព្យ ឬចលនទ្រព្យ ដើម្បីអាចទទួលបាននូវ អត្ថប្រយោជន៍ដ៍ប្រសើរនេះ។
សម្រាប់ការប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ខណៈដែលរដូវកាលនៃការប្រកាសពន្ធបានចូលមកដល់នោះ លោក គង់ វិបុល បានក្រើនរំលឹកដល់សហគ្រាសទាំងអស់ ត្រូវបំពេញកាតព្វកិច្ចសារពើពន្ធរបស់ខ្លួន ដោយបង់ប្រាក់ពន្ធជូនរដ្ឋតាមច្បាប់កំណត់ ចៀសវាងការទទួលរងនូវការពិន័យ ទោសទណ្ឌនានា នៅពេលដែលរដ្ឋបាលសារពើពន្ធ រកឃើនូវកំហុសនានា ពេលចុះធ្វើសវនកម្ម។
លោកក៏បានបង្ហាញនូវក្តីសង្ឃឹមថា សហគ្រាសទាំងអស់នឹងពង្រឹង និងផ្តល់កិច្ចសហការខ្ពស់ ដោយគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវ បទប្បញ្ញត្តិស្តីពីពន្ធដារ គឺជាកិច្ចការចម្បងដែលអ្នកជាប់ពន្ធ គ្រប់រូបត្រូវប្រកាន់យក ហើយត្រូវបោះបង់ចោលនូវទម្លាប់ចាស់ ដែលកន្លងមកតែងតែស្នើសុំលើកលែងពន្ធ ដោយលើកយកហេតុផលផ្សេងៗ និងប្រែក្លាយការគោរពប្រតិបត្តិច្បាប់ មិនទាន់បានខ្ជាប់ខ្ជួន និងមិនទាន់បានត្រឹមត្រូវ ឲ្យមកជាគោរពប្រតិបត្តិច្បាប់ឱ្យបានត្រឹមត្រូវ ដោយមកដាក់លិខិតប្រកាស និងបង់ពន្ធឲ្យបានទាន់ពេលវេលា និងឲ្យបានត្រឹមត្រូវ៕