(ព្រះវិហារ)៖ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨នេះ លោកស្រី ម៉ែន នារីវុឌ្ឍី ប្រធានក្រុមទីប្រឹក្សាជំនួយការក្រសួងធម្មការ និងសាសនា និងជាអនុប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ បានអញ្ជើញចុះសួរសុខទុក្ខដល់នាយទាហាន នាយទាហានរង និងពលទាហានក្នុងវរៈ៣៨៥ ចំណុះឲ្យកងពលតូចអន្តរាគមន៍លេខ៨ ប្រចាំការណ៍ទិសទីមួយតំបន់ប្រាសាទព្រះវិហារ និងបានផ្តល់ជូននូវថវិកាដល់នាយ និងពលទាហានក្នុងមួយនាក់ៗ ចំនួន១៥ម៉ឺនរៀល និងឧបត្ថមម៉ូតូចំនួន២គ្រឿង ដល់វរៈ៣៨៥ ដើម្បីទុកបម្រើការឲ្យអង្គភាពផងដែរ។
ក្នុងឱកាសចុះជួបសំណេះសំណាលនោះលោកស្រី ម៉ែន នារីវុឌ្ឍី បានកោតសរសើរដល់នាយ និងពលទាហានទាំងអស់ដែលហ៊ាន លះបង់សាច់ស្រស់ ឈាមស្រស់ បូជាជីវិតជូនជាតិមាតុភូមិដោយមិនបណ្តោយ ឲ្យសត្រូវណារំលោភបំពានទឹកដីរបស់កម្ពុជា សូម្បីមួយមីលីម៉ែត ដូចអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន «យើងមិនចង់បានទឹកគេសូម្បី តែមួយមីលីម៉ែត្រ ហើយក៏មិនបណ្តែតបណ្តោយ ឲ្យទឹកដីយើងបាត់បង់សូម្បី តែមួយមីលីម៉ែត្រដែរ»។
លោកស្រី ម៉ែន នារីវុឌ្ឍី បានបន្តថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តែងតែយកចិត្តទុកផ្សាភ្ជាប់សមរភូមិមុខ និងសមរភូមិក្រោយ បើទោះបីជាសម្តេចតេជោ មិនបានអញ្ជើញមកដោយផ្ទាល់ ក៏តែងតែចាត់តំណាងរបស់លោក ដើម្បីចុះផ្ទាល់ និងជួបសំណេះសំណាលជាមួយបងប្អូននាយ និងពលទាហាននៅសមរភូមិមុខមិនដែលខាននោះឡើយ។
គួរបញ្ជាក់ផងដែរ លោកស្រី ម៉ែន នារីវុឌ្ឍី និងសប្បុរសជន ក៏បានអញ្ជើញចុះសួរសុខទុកក្មួយៗ កុមារកំព្រានៅមណ្ឌលពន្លឺពេជ្រ ដែលស្ថិត ក្នុងភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងចែកអាវរងាដល់កុមារកំព្រាម្នាក់មួយកំប្លេ និងថវិការមួយចំនួនផងដែរ៕