(កំពង់ធំ)៖ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨នេះ ក្រសួងបរិស្ថាន បានរៀបចំពិធីចែកគ្រាប់ពូជបន្លែ និងស្ពៃបៃតង ជូនសហគមន៍ជាំធ្លក និងស្ករក្រូច៦៤២គ្រួសារ ដើម្បីលើកកម្ពស់ការដាំដុះបន្លែ តាមលក្ខណៈគ្រួសារ ជនបទបន្ថែមទៀត។ ពិធីនេះស្ថិតក្រោមវត្តមានលោក សុខន រិទ្ធិគុណ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ ដោយមានការសហការ ជាមួយមន្ទីរបរិស្ថានខេត្ត ព្រមទំាងថ្នាក់ដឹកនាំខេត្ត ស្រុក មន្ទីរអង្គភាព ព្រមទាំងប្រជាពលរដ្ឋប្រមាណជាង៦៤២គ្រួសារ ដែលរៀបចំស្ថិតនៅឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
លោក សុខន រិទ្ធិគុណ បានថ្លែងថា ការចែកគ្រាប់ពូជបន្លែ និងស្ពៃបៃតងនេះជាលើកទី២ សម្រាប់ប្រជាពលរដ្ឋសហគមន៍ ឃុំងននេះ ដូច្នេះសូមបងប្អូនប្រជាកសិករទំាងអស់ត្រូវទុកដាក់គ្រាប់ពូជបន្លែនេះ ឲ្យបានត្រឹមត្រូវមិនត្រូវយកទៅទុកចោល នាំឲ្យខូចគុណភាព ឬយកទៅលក់នៅលើទីផ្សារឡើយ។
ជាមួយគ្នានោះដែរ លោក សុខន រិទ្ធិគុណ បានជំរុញដល់ប្រជាកសិករទំាងអស់ ត្រូវនាំគ្នាធ្វើការដាំដុះគ្រាប់ពូជបន្លែនេះ ទៅតាមលក្ខណៈបច្ចេក ទេសកសិកម្ម ឲ្យបានគ្រប់ៗគ្នាព្រោះវាអាចធ្វើឲ្យជីវភាព បងប្អូនអាចរកប្រាក់ចំណូល និងជួយសម្រួលដល់ជីវភាពប្រជាកសិករ នៅតាមសហគមន៍ ឲ្យមានជីវភាពធូរធាច្រើនជាងមុន។
លោក សុខ លូ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែយកចិត្តទុកដាក់ទៅលើដាំដំណាំបន្លែដែលគ្មានជាតិគីមី ដើម្បីចូលរួមចំណែក ក្នុងការលើកស្ទួយកម្រិតជីវភាព របស់បងប្អូនឲ្យកាន់តែល្អប្រសើរឡើង និងធានានូវសុវត្ថិភាពក្នុងការបរិភោគបន្លែប្រចាំថ្ងៃ ព្រមទាំងទទួលបានសុខភាពល្អផងដែរ។ សុខភាពគឺជាបញ្ហាចំបងរបស់មនុស្សគ្រប់រូប ដែលត្រូវតែធ្វើការយកចិត្តទុកដាក់បំផុត ព្រោះបើយើងមានសុខភាពល្អ នោះយើងជាមនុស្សដែលមានទ្រព្យសម្បត្តិមហាសាល តែបើសុខភាពមិនល្អហើយវាធ្វើឲ្យបាត់បង់គ្រប់យ៉ាង។
ក្នុងនោះ១គ្រួសារទទួលបាន គ្រាប់ស្ពៃក្រញាញ់១កំប៉ុង, គ្រាប់ស្ពៃខ្មៅ២កំប៉ុង, គ្រាប់ស្ពៃចង្កឹស២កំប៉ុង, គ្រាប់សណ្តែកគួរ២កំប៉ុង, គ្រាប់ឆៃថាវ ១កំប៉ុង, គ្រាប់ត្រកួន១គីឡូក្រាម, គ្រាប់ត្រសក់៣កញ្ចប់ និងស្បៃបៃតង១ដុំ។ ទន្ទឹមនឹងនេះដែរ លោកបានផ្តាំផ្ញើរដល់បងប្អូន ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទំាងអស់គ្នាជាពិសេសអ្នកបើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពឲ្យបានគ្រប់គ្នា ដើម្បីសុវត្ថិភាពខ្លួនឯង និងចំពោះអ្នកដទៃផងដែរ៕
វ