(សៀមរាប)៖ ក្នុងរយៈពេលមួយខែ ក្រុមហ៊ុន MWSO របស់ជប៉ុន បានទទួលទិញផលិតផលម្រុំ ពីអ្នកភូមិធម្មជាតិរុនតាឯក ជាង១០តោន ធ្វើឲ្យជីវភាពប្រជាពលរដ្ឋនៅតំបន់នោះ មានការរីកចម្រើនល្អប្រសើរ ប្រជាពលរដ្ឋមានការងារធ្វើគ្រប់គ្នា ពិសេសអាចរកចំណូលចូលគ្រួសាបានជាង ៣រយដុល្លារ ក្នុងមួយខែ។
បើក្រឡេកមើលវិស័យកសិកម្ម បច្ចុប្បន្នអ្នកភូមិធម្មជាតិរុនតាឯក កំពុងទាញចំណូលបានច្រើនគួរសមពីដំណាំម្រុំ ដែលមានប្រជាពលរដ្ឋប្រមាណ ៣០គ្រួសារ កំពុងដាំម្រុំដែលមានក្រុមហ៊ុនមួយ ជាអ្នកទទួលទិញ និងផ្តល់បច្ចេកទេស។ ដើម្បីឲ្យកម្រិតជីវភាពរបស់ប្រជាពលរដ្ឋរីកចម្រើនទៅបាន អាជ្ញាធរជាតិអប្សរាមានគោលដៅចំនួន២ ក្នុងនោះមានការអភិវឌ្ឍវិស័យទេសចរណ៍ និងកសិកម្ម។ សម្រាប់ការងារកសិកម្ម នាពេលបច្ចុប្បន្ន អាចនិយាយបានថា ភូមិធម្មជាតិរុនតាឯក កំពុងជោគជ័យលើវិស័យមួយនេះ ហើយប្រជាពលរដ្ឋជាច្រើនគ្រួសារ បាននិងកំពុងទទួលផលពីវិស័យមួយនេះផងដែរ។
ម្ចាស់ក្រុមហ៊ុន អេស ភី អិល អ៊ី (S.P.L.E) លោក អ៊ឹង តុងអៀង មានលើកឡើងថា ក្រុមហ៊ុនរបស់លោកបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនជប៉ុន ដើម្បីទទួលទិញផលិតផលម្រុំ ពីប្រជាពលរដ្ឋក្នុងភូមិធម្មជាតិរុនតាឯក។ ខាងភាគីជប៉ុន មុននឹងសម្រេចទទួលទិញផលិតផលម្រុំនេះ ពួកគេបានយកដីពីភូមិទៅពិសោធន៍ ដោយពិនិត្យរកសារធាតុគីមីចំនួនប្រមាណ ២៤០មុខ និងចុងក្រោយបានបង្ហាញថា ដីនៅទីនេះ គ្មានសារធាតុគ្រោះថ្នាក់ណាមួយដែលប៉ះពាល់ដល់សុខភាពឡើយ ទើបពួកគេសម្រេចទទួលផលិតផលពីយើង។
លោកបន្ថែមថា ក្រុមហ៊ុន MWSO របស់ជប៉ុន បានទទួលទិញផលិតផលម្រុំពីអ្នកភូមិក្នុងមួយខែចំនួន ១០តោនម្រុំស្រស់ ដែលស្មើនឹង ១តោន ក្រោយពេលសម្ងួត ដែលគោលបំណងសំខាន់ ក្រុមហ៊ុនរបស់លោកមកវិនិយោគនៅភូមិធម្មជាតិរុនតាឯកនេះ ព្រោះថា ដើម្បីរួមចំណែកអភិវឌ្ឍកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ហើយមួយទៀត ដីនៅតំបន់នេះមានភាពអំណោយផលច្រើន សម្រាប់ដំណាំរុក្ខជាតិម្រុំ។ ក្រៅពីនេះ ក្រុមហ៊ុនក៏បាន ផ្តល់បច្ចេកទេសដាំដុះ រួមនឹងដើមទុនកម្រិតទាបគ្មានការប្រាក់ សម្រាប់ប្រជាពលរដ្ឋផងដែរ ដែលបច្ចុប្បន្ន ក្រុមហ៊ុន អិស ភី អិល អ៊ី កំពុងសាកល្បងដាំដំណាំសណ្តែកផ្កាយជាមួយពលរដ្ឋ ១៨គ្រួសារ ដែលមានសហគមន៍កសិកម្មកម្ពុជាជាអ្នកបង្រៀនបច្ចេកទេស និងទទួលទិញផ្តាច់មុខ។
អ្នកស្រី ទិត្យ អ៊ុច ដែលបាននិងកំពុងទទួលផលពីដំណាំម្រុំ បានឲ្យដឹងថា អ្នកស្រីមានភាពរីករាយ ទៅនឹងអ្វីដែលគ្រួសារអ្នកស្រីកំពុងទទួលបាន នូវដាំម្រុំបានមួយឆ្នាំហើយ ហើយក្នុងមួយខែអាចរកចំណូលបានប្រមាណ ៣០០ដុល្លារ។ អ្នកស្រីរម្លឹកពីការមករស់នៅក្នុងភូមិធម្មជាតិរុនតាឯក កាលពី៧ឆ្នាំមុន ដែលមានភាពលំបាកបន្តិចតែសព្វថ្ងៃ អ្នកស្រីមិនចង់ទៅណាទេ ព្រោះមុខរបរនៅទីនេះ អាចឲ្យគ្រួសារអ្នកស្រីដែលមានកូន ៣នាក់ក្នុងបន្ទុក រស់នៅបានស្រួល និងមានការមើលខុសត្រូវពីអ្នកជំនាញកសិកម្ម ដែលបានបណ្តុះបណ្តាលរបស់អាជ្ញាធរជាតិអប្សរា និងមានការផ្តល់ទុនសម្រាប់ការងារកសិកម្មផ្សេងៗផងដែរ។
ចំណែកអ្នកស្រី ស៊ត់ សាលី ជាស្រ្តីមេម៉ាយ មានកូន៣នាក់ ក៏កំពុងរីករាយចំពោះសមិទ្ធផលដំណាំម្រុំ ព្រោះថាអ្នកស្រី បានតស៊ូប្រឹងប្រែងចិញ្ចឹមកូនតែម្នាក់ឯង និងបានក្រុមការងារ ក្នុងគម្រោងភូមិធម្មជាតិរុនតាឯក ខ្នះខ្នែងជួយសព្វបែបគ្រប់យ៉ាង ទើបបានមកដល់សព្វថ្ងៃនេះ ហើយអ្នកស្រី ក៏មិនចង់ទៅណាទៀតដែរ ព្រោះស្រឡាញ់ការរស់នៅនៅទីនេះ។
លោក ម៉ី ម៉ារ៉ាឌី ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា និងជាប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បានបញ្ជាក់ថា ទាក់ទងនឹងដំណាំម្រុំសព្វថ្ងៃមានគ្រួសារប្រមាណ៣០ កំពុងចូលរួមដាំដុះ នៅលើផ្ទៃដីជិត១០ហិកតា។ រាល់គ្រួសារនីមួយៗ អាចរកចំណូលបានពី ១០០ដុល្លារ ដល់ ៣០០ដុល្លារក្នុងមួយខែ ទៅតាមផ្ទៃដីដែលពួកគេដាំដុះ។ បច្ចុប្បន្នគម្រោងនេះ មានប្រជាជនជាង១០០គ្រួសារ ដោយខ្លះដាំដំណាំម្រុំ សណ្តែកផ្កាយ ចិញ្ចឹមមាន់ទា និងដាំបន្លែធម្មជាតិ។
គួររំឭកថា ភូមិធម្មជាតិរុនតាឯក ត្រូវបានបង្កើតឡើងដោយមានការជ្រើសរើសប្រជាជនក្នុងតំបន់អង្គរឲ្យមករស់នៅ ដោយសារកំណើនយ៉ាងឆាប់រហ័ស ក្នុងតំបន់បេតិកភណ្ឌមួយនេះ។ បច្ចុប្បន្នមានគ្រួសារចំនួន ១០៣ហើយ ដែលត្រូវបានជ្រើសរើសឲ្យមកស្នាក់នៅ ដោយមានការផ្តល់ផ្ទះមួយខ្នង និងដីសម្រាប់ធ្វើកសិកម្ម ក្នុងនោះផ្ទៃដីសរុបនៃភូមិនេះមានចំនួន ១,០១២ហិកតា ដែលគ្រោងនឹងពង្រីកបន្ថែមទៀត នាពេលអនាគត៕