(ភ្នំពេញ)៖ ពលរដ្ឋជិត២០គ្រួសារ រស់នៅតំបន់បឹងកេងកង ខណ្ឌចំការមន កំពុងពិបាករស់នៅ ព្រោះមិនបានសំរាកគ្រប់គ្រាន់ ដោយថ្លង់ស្នូរការដ្ឋានសាងសង់មួយរបស់ក្រុមហ៊ុនចិន «Picasso» ដែលគិតតែធ្វើការដល់យប់ជ្រៅស្ទើររៀងរាល់ថ្ងៃ ដែលបង្កឲ្យពួកគាត់សម្រានពេលយប់។
ពលរដ្ឋរស់នៅក្បែរការដ្ឋានសំណង់លោក ស្រៀង សុខហ៊ុយ និងលោក គឹម សុជីវ បានទូរស័ព្ទមកការិយាល័យព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨នេះថា ការដ្ឋាននេះ បង្កភាពលំបាកដល់ពួកគាត់ជាង៣ខែមកហើយ ដោយការដ្ឋានបានសាងសង់រហូតដល់ម៉ោង១១យប់ ហើយយប់ខ្លះដល់ម៉ោង១២យប់ ក៏មានដែរ ធ្វើបែបនេះស្ទើរតែរៀងរាល់ថ្ងៃ ហើយសកម្មភាពសាងសង់នេះ មិនមានពេលសំរាក មួយថ្ងៃណាឡើយ ពោលគឺក្រុមហ៊ុនសង់រាល់ថ្ងៃ គ្រាន់តែក្នុងមួយសប្ដាហ៍ គេសង់ដល់យប់៤ថ្ងៃបាត់ទៅហើយ ដែលទង្វើនេះ បង្កផលប៉ះពាល់សតិអារម្មណ៍របស់ពួកគាត់ណាស់។
ពួកគាត់លើកឡើងបន្តថា ក្រុមហ៊ុនចិន Picasso នេះ គិតតែប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយមិនដឹងជាអាងខ្នង អាងខ្សែណាទេ បានជាខ្លាំងដល់ថ្នាក់ អាជ្ញាធរខណ្ឌ និងក្រសួងរៀបចំដែនដី មកហាមឃាត់យ៉ាងណា ក៏ក្រុមហ៊ុននេះនៅតែផ្គើនដដែល។ ពលរដ្ឋថា ពួកគាត់បានប្ដឹងដល់សង្កាត់ ប្ដឹងដល់ខណ្ឌ ហើយប្ដឹងដល់ក្រសួងថែមទៀត ហើយក៏ឃើញថា គេចេញសារាចរណ៍ណែនាំ ឲ្យសាងសង់យ៉ាងយូរត្រឹមម៉ោង៧យប់ តែអ្វីដែលគួរឲ្យកត់សំគាល់នោះ គឺក្រុមហ៊ុន នៅតែគឃ្លើនដដែល អត់ខ្វល់បំរាមនរណាទាំងអស់។
លោក វ៉ាង ជៀនហ្វា នាយកគម្រោងការដ្ឋាន ក្រុមហ៊ុន Picasso បាននិយាយថា «តាមពិតរាល់ការដ្ឋានសាងសង់ទាំងឡាយណា ក៏មានផលប៉ះពាល់ដែរ ហើយក្រុមហ៊ុន បានធ្វើតាម បទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដោយមិនឲ្យប៉ះពាល់ដល់ពលរដ្ឋក្បែរខាងឡើយ រីឯគេថា យើងធ្វើដល់យប់ជ្រៅ ដល់ម៉ោង១១ ឬ១២នោះ មិនមែនជាការពិតទេ តាមពិតពួកយើងធ្វើការ យ៉ាងយូរ ត្រឹមម៉ោង៩កន្លះអីនឹង ហើយមិនមែនរាល់យប់ឯណា គឺទាល់តែតម្រូវការចាក់បេតុង ទើបក្រុមហ៊ុនធ្វើដល់យប់អីចឹងទៅ ហើយមួយទៀតការលឺសូរថ្លង់នោះ គឺពេលយប់ ក្រុមហ៊ុនយើង ចេញគ្រឿងចក្រ ទើបលឺសូរអីចឹងទៅ»។
លោកថា ខាងក្រុងមិនអនុញ្ញាតឲ្យឡានក្រឡុកស៊ីម៉ង់តិ៍ ធ្វើការពេលថ្ងៃទេ ទាល់តែចាប់ពីម៉ោង៨យប់តទៅ ទើបគេអនុញ្ញាតឲ្យចូលក្រុង អីចឹងហើយ ទើបការដ្ឋានសម្រេចចិត្តចាក់សាប ឬ ចាក់បេតុងទាំងយប់យ៉ាងដូច្នេះ។ ទោះជាយ៉ាងនេះ ប្រជាពលរដ្ឋនៅតែកើតទុក្ខមិនសុខចិត្តដដែល ព្រោះគេមិនបានធ្វើតាមបំរាមរបស់ក្រសួងទេ គឺលួចធ្វើទាំងយប់ ដល់យប់ជ្រៅ ហើយគ្មានថ្ងៃសំរាកសោះឡើយ គឺគិតតែ ធ្វើ ធ្វើ ធ្វើ ដោយមិនឲ្យអ្នកជិតខាងដេកពួនទេ។
ពួកគាត់ថា សាទរចំពោះការរីកចំរើនវិស័យសំណង់ តែទន្ទឹមនឹងការរីកលូតលាស់នេះ ក៏សូមគិតគូរដល់ពលរដ្ឋផងដែរ។ ពលរដ្ឋស្នើដល់ក្រសួង មេត្តាពិនិត្យពិឡើងវិញ ព្រោះបើនៅតែបណ្ដោយទៀត មិនដឹងថា រឿងនឹងទៅជាយ៉ាងណាទេ៕