(ភ្នំពេញ)៖ កម្រងរូបភាពដ៏ផ្អែមល្ហែមនៃការបញ្ចុកនំខួបអាពាហ៍ពិពាហ៍ជាមួយគ្នារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម ដែលត្រូវបានគេចែកចាយតាមបណ្តាញសង្គម Facebook កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
ក្នុងរូបភាពដែលទម្លាយដោយលោក ហ៊ុន ម៉ាណិត បុត្រាទី៣របស់សម្តេចទាំងពីរ នំសម្រាប់ខួប៤២ឆ្នាំ នៃអាពាហ៍ពិពាហ៍របស់សម្តេចសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ធ្វើជារៀងបេះដូង និងរំលេចដោយរូបភាពជាផ្កាកូលាបរាប់រយទង។ គេក៏បានឃើញសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ចុកគ្នាទៅវិញទៅមក ខណៈដែលចៅៗជាច្រើនរូបឈរអបអរសាទរ។
តាមរយៈរូបភាពបានបង្ហាញឲ្យឃើញពីភាពកក់ក្តៅ និងប្រកបដោយសុភមង្គលបំផុតសម្រាប់គូស្នេហ៍មួយគូនេះ ទោះបីចំណងអាពាហ៍ពិពាហ៍បានកើតឡើងក្នុងស្ថានភាពដ៏សោះកក្រោះ គ្មានភ្លេងការ គ្មានភ្លេងបាយខុនចងដៃក៏ដោយ។
តាមរយៈរូបភាពដែលបានបង្ហោះគេឃើញមានប្រជាពលរដ្ឋខ្មែរលេងបណ្តាញសង្គម Facebook ជាច្រើនបានចូលរួមអបអរសាទរ ជូនពរ និងសម្តែងការស្ញប់ស្ញែងចំពោះជីវិតអាពាហ៍ពិពាហ៍ដែលបានរៀបចំដោយខ្មែរក្រហម ដែលជាអង្គការផ្តាច់ការ ឃោរឃៅ និងគ្មានមនោសញ្ចេតនានោះ។
ក្នុងខួបអាពាហ៍ពិពាហ៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនៅថ្ងៃនេះ គេសង្កេតឃើញថា ក្រៅពីប្រជាពលរដ្ឋទូទៅ ក៏មានថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាជាច្រើនរូប បានសម្តែងការអបអរសាទរជាបន្តបន្ទាប់៕