(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក សុខ សុគន្ធ ជាអនុរដ្ឋលេខាធិការក្រសួងសុខាភិបាល។ នេះបើយោងតាមព្រះរាជក្រឹត្យដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨នេះ។
សូមជម្រាបថា មុនទទួលបានការព្រះរាជទានតែងតាំងពីព្រះមហាក្សត្រ លោក សុខ សុគន្ធ ជាអតីតប្រធានសុខាភិបាល និងបន្ទាប់មកមានតួនាទីជាអគ្គនាយករងបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល រយៈពេលជាង១ឆ្នាំ។
ស្ដែងចេញពីចំណងមិត្តភាព និងកិច្ចសហការក្នុងការងារសុខាភិបាល ជាមួយលោកអនុរដ្ឋលេខាធិការថ្មីនោះ លោក ឡី សុភាព ប្រធានសមាគមអ្នកលក់ឱសថកម្ពុជា និងជាប្រធានសហព័ន្ធវិនិយោគិន រួមជាមួយសមាជិកនៃសមាគមក្រោមឱវាទរបស់លោក បានបង្ហាញនូវការអបអរសាទរយ៉ាងក្លៀវក្លា និងបានបង្ហាញពីការគាំទ្រចំពោះសកម្មភាពការងារ ដែលធ្លាប់បានប្រកៀកស្មាអនុវត្តរួមគ្នា នាពេលកន្លងមក និងទៅថ្ងៃអនាគតបន្តទៀត។