(ភ្នំពេញ)៖ រយៈពេលពេញ១ឆ្នាំ២០១៧ យ៉ាងហោចណាស់មានកុមារប្រមាណ៩០៩,១៩២នាក់ និងស្រ្ដីមានផ្ទៃពោះចំនួន​១៥៤,៧១៦នាក់ ទទួលបានការពិនិត្យ ព្យាបាល ដោយឥតគិតថ្លៃពី ពីមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងមន្ទីរសម្ពពជ័យវរ្ម័ន​ទី៧ ក្រុងសៀមរាប។ នេះបើយោងតាមរបាយការណ៍ របស់មន្ទីរពេទ្យគន្ធបុប្ផាដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី​០៥ ខែមករា ឆ្នាំ២០១៨នេះ។

យោងទៅតាមរបាយការណ៍បានឲ្យដឹងថា កុមារមានជំងឺទាំងអស់សរុបចំនួន ៩០៩,១៩២នាក់ ត្រូវបានពិនិត្យព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺ​ក្រៅ កើនឡើង​ចំនួន៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦ ដែលមានអត្រាកុមារកើតជំងឺត្រឹមតែ ៨៤៨,៣៩៣​នាក់តែ​ប៉ុណ្ណោះ។ ក្នុងនោះកុមារដែលមានផ្ទុក ជំងឺធ្ងន់ធ្ងរមានចំនួន​ ១៧២,៤៧០នាក់ កើនឡើង​១១% បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០១៦ ដែល​មានត្រឹមតែ១៥៥,៣៣៨នាក់។

របាយការណ៍បញ្ជាក់ទៀតថា ពេញ១ឆ្នាំ២០១៧ ជំងឺដែលត្រូវវះកាត់មានចំនួន​២៦,៤៤២នាក់ កើន៨.៦% បើធៀបនឹងឆ្នាំ២០១៦។ ក្នុងនោះ​ការវះកាត់បេះដូង និងភ្ជិតប្រហោងបេះដូង តាមសសៃឈាម​កាតេទែរបានចំនួន​៤១៣នាក់។

ចំណែកឯស្រ្ដីមានផ្ទៃពោះពេញ១ឆ្នាំ២០១៧ មានចំនួន១៥៤,៧១៦នាក់ បានពិនិត្យ និងព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព កើនឡើងចំនួន៦.៦%​ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦ ដែលមានចំនួន ១៤៥,០៨០នាក់។ ក្នុងនោះមានអ្នកសម្រាលកូនបានចំនួន ២៥,៣៥៧នាក់ កើន៧.២%។ ស្រ្ដីដែលសម្រាលកូនដោយវះកាត់មានចំនួន​៣,០០៥នាក់៕