(ភ្នំពេញ)៖ អ្នកកាសែតចាស់វស្សា ៤រូប រួមមានទីប្រឹក្សាជាន់ខ្ពស់របស់អង្គភាពព័ត៌មាន Fresh News ផងដែរ ត្រូវបានព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជាថ្នាក់ជាតូបការ និងថ្នាក់មហាសេនា។

មានអ្នកកាសែតតិចតួចណាស់ ដែលទទួលបានការសព្វព្រះរាជហឫទ័យ ពីព្រះមហាក្សត្រប្រោសព្រះរាជទាន គ្រឿងឥស្សរិយយស ជាពិសេសគ្រឿងឥស្សរិយយសថ្នាក់ «ជាតូបការ»។ ការប្រោសព្រះរាជទានរបស់ព្រះ មហាក្សត្រ បានកើតមានបន្ទាប់ពីអ្នកព័ត៌មានទាំង ៤រូប បានរួមចំណែកយ៉ាងច្រើន ក្នុងការលើកកម្ពស់វិស័យ ព័ត៌មាននៅកម្ពុជា។ អ្នកកាសែតទាំង៤រូប បានបំពេញការងារក្នុងវិជ្ជាជីវៈជាអ្នកសារព័ត៌មាននេះ ក្នុងម្នាក់ៗមិនតិចជាង ២០ឆ្នាំនោះឡើយ។

អ្នកកាសែតទាំង៤រូប ដែលទទួលបានគ្រឿងឥស្សរិយយសនេះរួមមាន៖ លោក កែវ សោភ័ណ និងលោក ព្រហ្ម សាយ ទទួលបានគ្រឿងឥស្សរិយយសថ្នាក់ «ជាតូបការ» រីឯលោក ងួន ចន្ទមុនី និងលោក សោភ័ណ សុផានិត ទទួលបាន គ្រឿងឥស្សរិយយសថ្នាក់ «មហាសេនា»។

លោក ព្រហ្ម សាយ គឺជាអ្នកកាសែតជើងចាស់មួយរូប សល់តាំងពីសម័យលន់ នល់មកម៉្លេះ និងបច្ចុប្បន្នជាចាងហ្វាង កាសែតអរិយធម៌,លោក កែវ សោភ័ណ អតីតចាងហ្វាងកាសែតចក្រវាឡតាំងពីឆ្នាំ១៩៩២ (សម័យអ៊ុនតាក់) បច្ចុប្បន្ន ជាមន្ត្រីក្រសួងព័ត៌មាន, លោកងួន ចន្ទមុនី អតីតនិពន្ធនាយកកាសែតចក្រវាឡ បច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់ ទទួល បន្ទុកព័ត៌មាន នៃអង្គភាពព័ត៌មាន Fresh News រីឯលោក សោភ័ណ សុផានិត អតីតបុគ្គលិកកាសែតចក្រវាឡ ហើយ បច្ចុប្បន្នជាមន្ត្រីក្រសួងព័ត៌មានផងដែរ៕