(សេអ៊ូល)៖ លោកស្រី សួង ភាវី ជនជាតិកម្ពុជារស់នៅប្រទេសកូរ៉េ បានក្លាយជាជ័យលាភីជើងឯកកីឡាស្នូកឃ័រ ប្រចាំសាធារណរដ្ឋកូរ៉េ ២ឆ្នាំជាប់គ្នា (២០១៦-២០១៧) និងជានិម្មិតរូបសម្រាប់នារីខ្មែរ ដែលរៀបការស្វាមីកូរ៉េ មករស់នៅលើទឹកដីកូរ៉េ ក្នុងការអំណត់តស៊ូព្យាយាម និងជំនះគ្រប់ឧបសគ្គ ដើម្បីជីវិតទទួលបានជោគជ័យ។ នេះបើតាមលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ។

លោក ឡុង ឌីម៉ង់ បានថ្លែងប្រាប់សារព័ត៌មាន Fresh News នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨នេះថា លោកស្រី សួង ភាវី មានស្រុកកំណើតនៅក្រុងសួង ខេត្តត្បូងឃ្មុំ ហើយបានទៅរស់នៅលើទឹកដីកូរ៉េ រយៈពេលជាង៧ឆ្នាំមកហើយ ដោយសារលោកស្រីមានស្វាមីជាជនជាតិកូរ៉េ។

លោក ឡុង ឌីម៉ង់ បានបន្តថា ចាប់តាំងពីរៀនលេងកីឡាស្នូកឃ័រ តាមរយៈការបង្រៀន និងដោយមានការឧបត្ថម្ភគាំទ្រ ពីស្វាមីជាជនជាតិកូរ៉េ លោកស្រី សួង ភាវី បានទទួលពានរង្វាន់ចំនួន ៣៣គ្រឿង ក្នុងនោះបានទទួលជ័យលាភី ចំណាត់ថ្នាក់លេខ១ ចំនួន១០ដង លេខ២ ចំនួន១០ដង ហើយអ្វីដែលជារឿងគួរឲ្យមោទនភាព និងគួរឲ្យកោតសរសើរចំពោះ លោកស្រី ដែលសុខចិត្តមិនព្រមចូលជាសញ្ជាតិកូរ៉េ ដោយមូលហេតុតែមួយគត់ គឺចង់លើកស្ទួយកិត្យានុភាពជាតិខ្មែរឲ្យកម្ពុជា ក៏ដូចជាជនរួមជាតិ និងតំណាងកម្ពុជាក្នុងការប្រកួតលើឆាកអន្ដរជាតិផ្សេងៗ។

ក្នុងជំនួបសំណេះសំណាលជាមួយលោកស្រី សួង ភាវី នារសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ លោក បានថ្លៃងនូវការកោត សរសើរ និងសូមជំរុញលើកទឹកចិត្តបន្ថែមទៀត ក្នុងនាមតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា ដោយជាមួយគ្នានេះ លោកសន្យាថា នឹងសិក្សាពីនីតិវិធី និងស្នើសុំជំនួយពីក្រសួងការបរទេសកម្ពុជា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីបញ្ចូលឈ្មោះ លោកស្រី សួង ភាវី ជាជម្រើសជាតិកម្ពុជាលើផ្នែកកីឡាស្នូកឃ័រ ដើម្បីផ្ដល់ឱកាសឲ្យលោកស្រីមានសិទ្ធពេញ លេងតំណាង ឲ្យកម្ពុជា និងមានឱកាសប្រកួតលើឆាកអន្ដរជាតិកាន់តែទូលំទូលាយ៕