Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចក្រឡាហោម ស ខេង នឹងដឹកនាំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ របស់ក្រុមការងារយុវជនគណបក្សប្រជាជនខេត្តព្រៃវែង នៅថ្ងៃទី១២-១៣ ខែមករា (Video inside)

05-01-2018 14:29

(ព្រៃវែង)៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្ដព្រៃវែង និងខេត្តបាត់ដំបង នៅថ្ងៃទី១២-១៣ ខែមករា ឆ្នាំ២០១៨ខាងមុខនេះ នឹងដឹកនាំសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង។

បើតាមសេចក្ដីជូនដំណឹង របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨នេះ បញ្ជាក់ថា សន្និបាតនោះធ្វើឡើងដើម្បីបូកសរុប និងវាយតម្លៃលទ្ធការងារប្រចាំឆ្នាំ២០១៧ ដោយពិនិត្យលើចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម និងដំណោះស្រាយ។

បន្ថែមពីនេះ ដើម្បីលើកទិសដៅសម្រាប់បន្ដអនុវត្តឆ្នាំ២០១៨ ជាពិសេសត្រៀមលក្ខណៈចូលរួមការបោះឆ្នោតនាពេលខាងមុខ និងបង្កើនបរិយាកាសពង្រឹងទំនាក់ទំនង ផ្លាស់ប្ដូរយោបល់ និងចែករំលែកបទពិសោធន៍ រវាងក្រុមយុវជនទាំង១៣ក្រុងស្រុក ជាមួយថ្នាក់ដឹកនាំ។

សេចក្ដីជូនដំណឹងក៏បានឲ្យដឹងដែរថា គណៈកម្មការរៀបចំពិធីសន្និបាត នឹងរៀបចំការប្រគំតន្ដ្រី «យុវជនដើម្បីសន្ដិភាពឆ្នាំ២០១៨» នៅល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ផងដែរ ចាប់ពីម៉ោង៤ល្ងាចតទៅ៕