(ក្រចេះ)៖ អង្គការមូលនិធិសាកលសម្រាប់អភិរក្សធម្មជាតិហៅកាត់ថា WWF បានផ្ដល់ឧបករណ៍សម្រាប់បំពេញការងារ ដូចជាការបង្ការ និងបង្ក្រាបបទល្មើស ដល់ឆ្មាំទន្លេនៅប៉ុស្ដិ៍ចំនួន៧ ក្នុងមូលដ្ឋានខេត្តក្រចេះ ពិសេសនៅតំបន់សត្វផ្សោត។
ការប្រគល់នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨នេះ ក្រោមវត្តមានលោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្ស តំណាងប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាប្រធានរដ្ឋបាលជលផល។
ក្នុងនោះក៏មានការចូលរួមពី លោក ខណ្ឌ ចំណាន អភិបាលរងខេត្តក្រចេះ, លោក ម៉ៅ វិចិត្រ អនុប្រធានមន្ទីរកសិកម្ម រុក្ឋាប្រមាញ់ និងនេសាទ និងលោក ហម ច័ន្ទដេត ប្រធានតំបន់ទេសភាពព្រៃលិចទឹកមេគង្គ នៃអង្គការ WWF កម្ពុជា។
បន្ថែមពីនេះ អង្គការ WWF កម្ពុជា និងប្រធាននាយកដ្ឋានអភិរក្ស ក៏បានជួបប្រជុំឆ្មាំទន្លេទាំង១៤នាក់ ដើម្បីពិភាក្សាអំពីលទ្ធផលដែលទទួលបាន និងបញ្ហាប្រឈមនានាដែលឆ្មាំទន្លេទាំងអស់បានជួបប្រទះ និងផ្តល់សម្ភារៈសម្រាប់គាំទ្រការល្បាតទៅតាមប៉ុស្តិ៍នីមួយៗផងដែរ។
សម្ភារៈទាំងអស់នោះ រួមមាន ទូកចំនួន៨គ្រឿង មានទាំងម៉ាស៊ីន៨គ្រឿង អង្រឹងចំនួន៤០ វិទ្យុទាក់ទងចំនួន១២គ្រឿង៕