(ភ្នំពេញ)៖ កម្ពុជា និងចិន នឹងរៀបចំពិព័រណ៌ពាណិជ្ជកម្មអន្តរជាតិមួយ ក្នុងន័យលើកកម្ពស់ពាណិជ្ជកម្មរវាងអាស៊ី និងប៉ាស៊ីហ្វិក និងដើម្បីឆ្លើយតបយ៉ាងសកម្មនូវយុទ្ធសាស្ត្រ «ខ្សែក្រវ៉ាត់មួយ វិថីមួយ»​ ដែលជាយុទ្ធសាស្រ្តជំរុញគោលដៅអភិវឌ្ឍន៍នៃ «សមត្ថភាពផលិតកម្មកាត់បន្ថយសារពើភ័ណ្ឌ និងការអភិវឌ្ឍនៃរង្វង់សេដ្ឋកិច្ច អាស៊ី និងប៉ាស៊ីហ្វិក» ហើយពិព័រណ៌អន្តរជាតិនេះមានការចូលរួមពី នាយកដ្ឋានពាណិជ្ជកម្ម ប្រចាំស្ថានទូតចិននៅកម្ពុជា ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងវប្បធម៌ផងដែរ។

ពិព័រណ៌ពាណិជ្ជកម្មអន្តរជាតិដ៏ធំមួយនេះ ត្រូវបានរៀបចំឡើងនាថ្ងៃទី១៦ ដល់១៨ ខែមីនា ឆ្នាំ២០១៨ខាងមុខនេះ នៅមជ្ឈមណ្ឌលកំសាន្តកោះពេជ្រ ដែលរៀបចំដោយក្រុមហ៊ុនពិព័រណ៌អន្តរជាតិ «វ៉ាងនីគ្រុប» និងមានដៃគូសហការឧបត្ថមជាលើកដំបូងរួមមាន៖សមាគមអភិវឌ្ឍន៍ពាណិជ្ជកម្ម «ហ៊ូណាននៅកម្ពុជា» គេហទំព័រអចលនទ្រព្យ និងមជ្ឈមណ្ឌលផ្សព្វផ្សាយវិទ្យុអារ៉ាប់ប៉េកាំង។

សម្រាប់ពិព័រណ៌អន្តរជាតិនេះ ត្រូវបានបែងចែកជាង១២ប្រភេទនៃផលិតផល និងមានស្តង់ផលិតផងរហូដល់៣៥០កន្លែង មួយវិញទផៀតសម្រាប់ទីតាំងតំបន់ក្នុងពិព័រណ៍អន្តរជាតិដ៏ធំមួយនេះ ត្រូវបានបែងចែកជា៖ តំបន់ពិព័រណ៍ផលិតផលទេសចរណ៍ តំបន់ពិព័រណ៍ផលិតផលឧស្សាហកម្ម តំបន់ពិព័រណ៍ផលិតផលកសិកម្មនិងសុខភាព តំបន់ពិព័រណ៍ផលិតផលសំលៀកបំពាក់ ស្បែកជើង មួក តំបន់ពិព័រណ៍ផលិតផលអាហារ តំបន់ពិព័រណ៍ផលិតផលគ្រឿងក្រអូប តំបន់ពិព័រណ៍ផលិតផលឡានម៉ូតូ តំបន់ពិព័រណ៍ផលិតផលផ្នែកសំណង់ តំបន់ពិព័រណ៍ផលិតផលគ្រឿងអេឡិចត្រូនិច តំបន់ពិព័រណ៍ផលិតផលសំណង់អគារ តំបន់ពិព័រណ៍ផលិតផលទូរគមនាគមន៍ តំបន់ពិព័រណ៍ចម្រុះទាំង១២។

កម្ពុជា និងចិន រៀបចំពិធីពិព័រណ៌ពាណិជ្ជកម្មអន្តរជាតិនេះឡើង គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ពង្រីកឥទ្ធិពល នៃផលិតផលម៉ាកយីហោរបស់ប្រទេសចិននៅក្នុងប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍ និងម្យ៉ាងវិញទៀតប្រទេសកម្ពុជានឹងក្លាយទៅជាមជ្ឈមណ្ឌលកណ្តាលសម្រាប់ប្រទេសចិន ក្នុងការប្រមូលផ្តុំឱកាសពាណិជ្ជកម្មដ៏ធំនៅក្នុងពាណិជ្ជកម្ម រវាងអាស៊ី និងប៉ាស៊ីហ្វិក និងដើម្បីឆ្លើយតបយ៉ាងសកម្មទៅនឹងការអភិវឌ្ឍគោលនយោបាយ «ខ្សែក្រវ៉ាត់មួយ វិថីមួយ» ការជំរុញគោលដៅអភិវឌ្ឍន៍លើ «ចង្វាក់ផលិតកម្ម សារពើភណ្ឌ អភិវឌ្ឍន៍ទីផ្សារសេដ្ឋកិច្ចតំបន់អាស៊ីអាគ្នេយ៍» ជម្រុញសេដ្ឋកិច្ចពាណិជ្ជកម្មក្នុងតំបន់ និងស្របពេលដើម្បីផ្លាស់ប្តូរនូវទម្រង់សេដ្ឋកិច្ចពិតៗ ទៅជាលក្ខណៈច្នៃប្រឌិតនិងទំនើប ប្រែក្លាយផលិតផលដែលលើសលប់ទៅជាធនធានដែលកម្រ សម្រេចបាននូវការសហការ និងផ្លាស់ប្តូរលើការផលិតទំនិញនិងតម្រូវការ ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៦ បរិមាណពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដល់ ៤.៧៦ពាន់លានដុល្លារអាមេរិក មានការកើនឡើង ៧.៤ភាគរយ និងសម្រាប់ឆ្នាំ២០១៧ បរិមាណពាណិជ្ជកម្មទ្វេភាគីមានប្រមាណ ៤.៨ ពាន់លានដុល្លារអាមេរិក អត្រាកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ បានបន្តកើនឡើងក្នុងអត្រា៧.៦ភាគរយ៕