(ភ្នំពេញ)៖ កម្លាំងនគរបាលចរាចរណ៍ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨នេះ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ដើម្បីចាត់អ្នកបើកបរណាដែលមិនគោរពច្បាប់ចរាចរណ៍ ដូចជាការបើកបរ ដោយមិនមានមួកសុវត្ថិភាព មិនមានកញ្ចប់មើលក្រោយ និងការបើកបរបញ្ច្រាសទិសជាដើម។
ប្រតិបត្តិការទ្រង់ទ្រាយធំនេះ ត្រូវបានធ្វើឡើងដោយមានបទបញ្ជាពីនាយឧត្តមសេនីយ៍សន្ដិបណ្ដិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងអភិបាលរាជធានីភ្នំពេញ និងដឹកនាំដោយនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ។
ប្រធានគោលដៅមួយក្នុងចំណោមគោលដៅជាច្រើន នៅរាជធានីភ្នំពេញ លោកវរសេនីយ៍ទោ ឡុវ សាវុធ អធិការរងនគរបាលខណ្ឌ៧មករា បានឲ្យដឹងថា នៅថ្ងៃនេះនគរបាលចរាចរណ៍ ដោយមានការចូលរួមសហការ ពីកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បានបើកប្រតិបត្តិរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងរាជធានីភ្នំពេញ។ បើតាមលោកអធិការរង ប្រតិបត្តិការរឹងបន្ដឹងច្បាប់ចរាចរណ៍នេះ ដើម្បីធ្វើយ៉ាងណាលើកកម្ពស់ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយក្នុងនោះកម្លាំងជំនាញ បានធ្វើការឃាត់ទុកនូវអ្នកណាដែលមិនមានមួកសុវត្ថិភាព មិនមានកញ្ចប់មើលក្រោយ និងការបើកបញ្ច្រាសទិសជាដើម។
លោក ឡុង សាវុធ បានលើកឡើងយ៉ាងដូច្នេះថា «ការអនុវត្តនៅថ្ងៃនេះទី១៖ រឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយតម្រូវឲ្យគាត់មានមួកសុវត្ថិភាព, ទី២៖ ឲ្យគាត់មានកញ្ចប់មើលក្រោយ និងទី៣៖ ការបើកបរបញ្ច្រាសទិស [...] គោលការណ៍សំខាន់គឺយើងចាប់អ្នកដែលជិះម៉ូតូបញ្ច្រាសទិសតែម្ដង ហើយប្រតិបត្តិការនេះយើងធ្វើជាបន្ដបន្ទាប់រហូត»។
បើតាមមន្ដ្រីនគរបាលរូបនេះ ក្រោយធ្វើការចាប់ឃាត់ទុកភ្លាមៗ អ្នកបើកបរខុសច្បាប់ទាំងនោះ មិនតម្រូវឲ្យផាកពិន័យនៅ កន្លែងនោះទេ ពោលគឺគ្រាន់តែណែនាំ និងកត់កំណត់ហេតុ រួចបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីអ្នកបើកបរទាំងអស់នោះ ទៅបង់ផាកពិន័យដោយខ្លួនឯង។
សូមជម្រាបថា នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំអនុគណៈកម្មការទី២ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ក៏បានបង្ហាញពីវិធានការក្តៅមួយចំនួន ទៅលើអ្នកបើកបរមិនពាក់មួកសុវត្ថិភាព ហើយការអនុវត្តន៍វិធានការក្តៅនេះ នឹងមានពីរទៅបីដំណាក់កាលថែមទៀតផង។
បើតាមលោក គៀត ច័ន្ទថារិទ្ធ វិធានការក្តៅក្នុងដំណាក់កាលទី១ សម្រាប់អ្នកបើកបរមិនពាក់មួកសុវត្ថិភាព នៅពេល សមត្ថកិច្ចចាប់ គឺមិនតម្រូវឲ្យផាកពិន័យនោះទេ តែត្រូវឃាត់ម៉ូតូទុកហើយឲ្យអ្នកបើកបរទៅទិញមួកសុវត្ថិភាព ឬយកមួកសុវត្ថិភាពមកបង្ហាញមន្ត្រី នគរបាលចរាចរណ៍ទើបអនុញ្ញាតឲ្យម៉ូតូវិញ។ ដំណាក់កាលទី២ សម្រាប់អ្នកបើកបរ មិនពាក់មួកសុវត្ថិភាព គឺត្រូវចាប់ម៉ូតូទុកបង្ខំឲ្យទិញ ឬ យកមួកសុវត្ថិភាពមកបង្ហាញ សមត្ថកិច្ច ហើយត្រូវរងការពិន័យ ថែមទៀតផង។ សម្រាប់ដំណាក់កាលទី៣វិញ អាចឃាត់ម៉ូតូទុករយៈពេល២ ទៅ៣ថ្ងៃ ទើបប្រគល់ឲ្យវិញ។
បន្ទាប់ពីមើលឃើញថា អត្រាអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរ ហើយមិនពាក់មួកសុវត្ថិភាព នៅតែខ្ពស់នោះ នៅឆ្នាំ២០១៨នេះ កម្លាំងសមត្ថកិច្ចនឹងដាក់ចេញនូវវិធានការក្តៅដោយចាប់បង្ខំ អ្នកធ្វើដំណើរតាមម៉ូតូទាំងអស់ត្រូវតែ ពាក់មួកសុវត្ថិភាព។ បើគ្មានមួកសុវត្ថិភាពទេ ត្រូវឃាត់ម៉ូតូទុកហើយតម្រូវឲ្យអ្នកជិះម៉ូតូទៅទិញមួក ឬយកមួកសុវត្ថិភាព មកបង្ហាញសមត្ថកិច្ចទើបអនុញ្ញាតឲ្យយកម៉ូតូវិញ៕