Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រោយការណែនាំពីអភិបាលរាជធានីភ្នំពេញ, មន្ទីរសាធារណការ និងអភិបាលខណ្ឌចំនួន៤ បើកយុទ្ធនាការស្តារប្រព័ន្ធលូ តាមផ្លូវ៥ខ្សែ ប្រវែងសរុប៤៦០គីឡូម៉ែត្រ ត្រៀមរំដោះជំនន់ទឹកភ្លៀង

05-01-2018 11:39

(ភ្នំពេញ)៖ ក្រោយមានការណែនាំពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង រួចមក មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានសហការជាមួយអភិបាលខណ្ឌចំនួន៤ បានបើកយុទ្ធនាការស្តារប្រព័ន្ធលូ តាមបណ្តោយផ្លូវ៥ខ្សែ ដើម្បីត្រៀមរំដោះជំនន់ទឹកភ្លៀង នារដូវវស្សាខាងមុខនេះ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារការ និងដឹកជញ្ជូន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា យុទ្ធនាការស្តារប្រព័ន្ធលូ បានចាប់ផ្តើមឡើងនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ ដោយផ្តើមដំបូង នៅខណ្ឌទួលគោក ក្នុងចំណោមខណ្ឌទាំង៤ រួមមាន៖ ខណ្ឌដូនពេញ ខណ្ឌ៧មករា និងខណ្ឌចំការមន ដោយខាងមន្ទីរសហការជាមួយអាជ្ញាធរខណ្ឌទាំង៤នោះ។

បើតាមលោក សាំ ពិសិដ្ឋ យុទ្ធនាការស្តារប្រព័ន្ធលូ ត្រូវប្រើពេល៥ខែ លើមហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីកម្ពុជាក្រោម ផ្លូវលេខ៥២៨ ផ្លូវលេខ២២២ និងផ្លូវលេខ២៥៣ ដែលមានប្រវែងសរុបចំនួន៤៦០គីឡូម៉ែត្រ ដើម្បីត្រៀមរំដោះជំនន់ទឹកភ្លៀងនារដូវវស្សាខាងមុខនេះ។

គួរបញ្ជាក់ថា កន្លងមកថ្មីៗនេះ ក្នុងកិច្ចប្រជុំជាមួយមន្ត្រីជំនាញលោក ឃួង ស្រេង បានសម្រេចឲ្យមានយុទ្ធនាកាលស្ដារលូ ក្នុងចំនួន៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ ដោយចាប់ផ្តើមពីដើមខែមករា ឆ្នាំ២០១៨។

ក្នុងកិច្ចប្រជុំកាលនោះដែរ លោកអភិបាលរាជធានីភ្នំពេញ ក៏បានធ្វើការបែងចែកការងារដល់មន្ទីរអង្គភាពជំនាញ នូវតួនាទីដាច់ដោយឡែកពីគ្នារៀងៗខ្លួន រវាងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលទទួលការងារស្តារប្រព័ន្ធលូមេ ហើយអាជ្ញាធរខណ្ឌទាំង៤ ជាអ្នកទទួលការងារស្តារបណ្តាញលូរង នៅក្នុងមូលដ្ឋានខណ្ឌរៀងៗខ្លួន ។

ការបែងចែកការងារឲ្យដាច់ចេញពីគ្នា គឺក្នុងគោលបំណងទទួលខុសត្រូវការងាររបស់ខ្លួន ហើយការងារស្តារលូមេនេះ ត្រូវស្តារតាមប្រព័ន្ធបណ្តាញលូ ដល់ស្ថានីយ៍បូមទឹកដែលជាទីតាំងរំដោះទឹកធំតែម្តង៕