(ភ្នំពេញ)៖ សម្ភារកីឡាកាយសម្ព័ន្ធដែលមានតម្លៃជាង ៤០០០០ដុល្លារ ជាជំនួយរបស់មហាមិត្តចិននោះ ត្រូវបានដឹកជញ្ជូនមកដល់កម្ពុជា នាយប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨នេះ។ នេះបើតាមលោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា។
លោក ណយ ផាណា បានឲ្យដឹងថា តាមសំណើរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧ សាធារណរដ្ឋប្រជាមានិតចិន បានឯកភាពផ្តល់ឱ្យមានការហ្វឹកហាត់រយៈពេលខ្លី នៅប្រទេសចិន និងបានផ្ដល់ជាជំនួយសម្ភារកីឡាកាយសម្ព័ន្ធចំនួន ៦ឈុតផងដែរ។
លោកបានបញ្ជាក់ថា តាមការស្នើសុំរបស់លោករដ្ឋមន្ត្រី ថោង ខុន សម្ភារកីឡាទាំងនោះ នឹងមកដល់ប្រទេសកម្ពុជា សាលហ្វឹកហាត់កីឡាកាយសម្ព័ន្ធក្នុងពហុកីឡដ្ឋាន នៅយប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨ នេះហើយ។ សម្ភារកីឡាកាយសម្ព័ន្ធទាំងនោះ រួមមាន៖ Parallel Bars ១ឈុត Horizontal Bar ១ឈុត High Low Bar ១ឈុត Vaulting Horse ១ឈុត Saddle ១ឈុត និង Swinging Ring ១ឈុត។
លោក ណយ ផាណា បានបន្តថា តបតាមការឆ្លើយតបប្រកបដោយក្តីគោរព និងចំណងមិត្តភាពដែលមិនអាចបំភ្លេចនេះ ក្នុងនាមសហព័ន្ធ និងខ្លួនលោកផ្ទាល់ លោកបានថ្លែងអំណរគុណចំពោះស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះការជួយគាំទ្រ ដើម្បីអភិវឌ្ឍន៍វិស័យកីឡានៅកម្ពុជា ឆ្ពោះទៅរកភាពជោគជ័យ ក្នុងឆ្នាំ២០២៣ ដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ ខាងមុខ៕