(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨នេះ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក គុ​ជ គឹមឡុង និងលោក សក់ កញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ បានដឹកនាំកម្លាំងចុះណែនាំ ដល់ម្ចាស់សំណង់ដែលរំលោភយកដីចញ្ចើមផ្លូវសាធារណៈ និងមាត់ប្រឡាយលូអូរគុជ ដើម្បីឲ្យរុះរើដោយខ្លួនឯង ក្នុងរយៈពេល១៥ថ្ងៃ។ ប្រសិនមិនអនុវត្តតាមការកំណត់ទេ អាជ្ញាធរនឹងរុះរើ ដូច្នេះរាល់ការខូចខាតបង់ទ្រព្យសម្បត្តិ មិនទទួលខុសត្រូវឡើយ។

ការចុះប្រតិបត្តិការណែនាំខាងលើនេះ បានធ្វើឡើងនៅដីមាត់ប្រឡាយលូអូរគុជ តាមបណ្តោយផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលម្ចាស់សំណង់ បានសង់រំលោភយកដីចញ្ចើមផ្លូវសាធារណៈ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនមានទំហំ៨ម៉ែត្រ គុណ៣២ម៉ែត្រ។

សេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ អាជ្ញាធរបានសម្របសម្រួលគ្នា ដោយសន្តិវិធីដោយទុករយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃនេះតទៅប្រសិនបើ១៥ថ្ងៃ ក្រោយជាថ្ងៃឱសានវាទម្ចាស់សំណងខាងលើនេះ មិនព្រមរុះរើអាជ្ញាធរ នឹងចាត់វិធានការរុះរើដោយខ្លួនឯង ដោយមិនទទួលការខុសត្រូវរាល់ការ ខូចខាតទ្រព្យសម្បតិ្តឡើយ៕