(កំពង់ធំ)៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់២ករណីផ្សេងគ្នា បានកើតឡើងនៅលើទឹកដីខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨នេះ បានបណ្តាលឲ្យបុគ្គលិកធនាគារ អេស៊ីលីដាចំនួន២នាក់ និងវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យកាល់ម៉ែត ចំនួន២នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈ៣នាក់ផ្សេងទៀត រងរបួសធ្ងន់ ក្នុងនោះមានបុគ្គលិកធនាគារអេស៊ីលីដាចំនួន២នាក់ផងដែរ។
ករណីទី១៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក រវាងរថយន្តហ៊ីយ៉ានដាយ ព្រលះកាមរីឆ្លាម បណ្តលឲ្យបុគ្គលិក ធនាគារអេស៊ីលីដា ចំនួន២នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និង២នាក់ទៀតរបួសធ្ងន់។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៦៖៣០នាទីព្រឹកព្រលឹមនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចភូមិត្បែង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សមត្ថកិច្ចមូលដ្ឋាន បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងថា មុនពេលកើតហេតុ រថយន្ត ហ៊ីយ៉ានដាយ ពណ៌ទឹកប្រាក់ លាយបៃតងគ្មានស្លាកលេខ បានបែកកងរេចង្កូត ទៅបុករថយន្តម៉ាកកាមម៉ារីឆ្លាមពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2H-5743 របស់បុគ្គលិក ធនាគារ អេស៊ីលីដា ហើយជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក C100 កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខកណ្តាល1A-9184 បណ្តាលឲ្យអ្នកបើកម៉ូតូរងរបួសផងដែរ។
សមត្ថកិច្ចមូលដ្ឋានដដែលបានបន្តថា ជនរងគ្រោះបើកបររថយន្តកាមម៉ារីឆ្លាម ឈ្មោះ ហ៊ិន សុគន្ធា ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅភូមិពោធិ៍បាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ, ទី២៖ ឈ្មោះ ពិន ចិន្ត្រា ភេទស្រី អាយុ៣២ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ, ទី៣៖ ឡូត លៀង ភេទប្រុស អាយុ២៤ឆ្នាំ រងរបួសធ្ងន់, ទី៤៖ ឈ្មោះ កែវ សំណាង ភេទប្រុស អាយុ២១ឆ្នាំ របួសធ្ងន់។ ចំណែកជនងរងគ្រោះទី៥៖ ឈ្មោះ ឆុន តូ ភេទប្រុស អាយុ៤១ឆ្នាំ របួសធ្ងន់ ជាអ្នកបើកបរម៉ូតូម៉ាក C100 កូរ៉េ ពណ៌ក្រហម។
ក្រោយពេលកើតហេតុអ្នកបើកបររថយន្តម៉ាកហ៊ីយ៉ានដាយ បានរត់គេចខ្លួនបាត់ស្រមោល។
ករណីទី២៖ ករណីគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយ រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយប្រភេទយីឌុប បានព្រលះជាមួយរថយន្តមួយគ្រឿងទៀត ម៉ាកហាយឡែនឌ័រពណ៌ស បណ្តាលគ្រូពេទ្យប្រុសស្រី២នាក់ ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ នាព្រឹកព្រលឹមនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨នេះ ស្ថិតនភូមិសំណាក ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។
លោក ស៊ីវ វណ្ណា អធិការរងចរាចណ៍ស្រុកសន្ទុក បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ធំ ឲ្យដឹងថា ជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរ ទាំងពីរនាក់មាន ទី១៖ ឈ្មោះ អៀង ភ័ណ្ឌ ភេទប្រុស មុខរបរជាវេជ្ជបណ្ឌិតមន្ទីរពេទ្យកាល់ម៉ែត, ចំណែកជនរងគ្រោះម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
លោក ស៊ីវ វណ្ណា បានបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកហាយឡែនឌ័រពណ៌សរ ស្លាកលេខភ្នំពេញ2AF-3504 ធ្វើដំណើរពីជើង ទៅត្បូង ជិះបញ្ច្រាសទិសគ្នាជាមួយរថយន្ត ហ៊ីយ៉ាន់ដាយប្រភេទយីឌុប៤ភ្លៅ លុះមកដល់កន្លែងកើតហេតុខាងរថយន្តហាឡែនឌ័រ ទំនងងោកមួយភាំងក៏រេចង្កូត ចូលយីឌុបចំពីមុខបុកគ្នាពេញទំហ៊ឹង បណ្តាលឲ្យអ្នកជិះរថយន្ត ហាយឡែនឌ័រស្លាប់ទាំងពីរនាក់តែម្តង។
លោក ស៊ីវ វណ្ណា បានបញ្ជាក់ថា បច្ចុប្បន្នសពជនរងគ្រោះទាំងពីរនាក់ ត្រូវយកមកតម្កល់ទុកនៅអធិការដ្ឋាននគរបាលចរាចរណ៍ផ្លូវគោក ស្រុកសន្ទុក រង់ចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕