(ភ្នំពេញ)៖ ក្នុងឱកាសលានៃខួប៤២ឆ្នាំ ចំណងអាពាហ៍ពិពាហ៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, មានបងប្អូនប្រជាពលរដ្ឋទាំងក្រុង និងក្រៅប្រទេស សូមគោរពជូនពរឲ្យចំណងអាពាហ៍ពិពាហ៍ដែលបានកើតឡើងក្នុងគ្រាដ៏សែនកម្សត់នេះ ឲ្យកាន់តែផ្អែមល្ហែមត្រជាក់ត្រជុំដូចទឹកអម្រឹត និងសូមសម្តេចទាំងទ្វេ ទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ ដើម្បីដឹកនាំនាវាកម្ពុជាឲ្យកាន់តែ រីកចម្រើនខ្លាំងក្លាថែមទៀត។

ឆ្លើយតបនឹងការជូនពរ, នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook សម្តេចសូមអរគុណជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលបានជូនពរសម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ សម្តេចបានសរសេរយ៉ាងដូច្នេះថា៖

«រូបថតនេះគឺខ្ញុំឡើងទៅលើអគារវឌ្ឍនៈមើលពីការអភិវឌ្ឍន៍នៃរាជធានីភ្នំពេញ។ ខ្ញុំ និងបងប្អូនជនរួមជាតិដែលរស់នៅក្នុងប្រទេស គឺបានឃើញច្បាស់ពីការរីកចម្រើនពិតប្រាកដរបស់កម្ពុជា។ ប្រទេសជាតិយើងកាន់តែរីកចម្រើនទៅមុខលឿនជានិច្ច ព្រោះយើងមានអ្នកធ្វើពិតប្រាកដ ច្រើនជាងអ្នកអង្គុយថា និងអ្នកមើលកម្ពុជាបញ្ច្រស់ថ្ងៃ។

ថ្ងៃទី៥ មករា ២០១៨ នេះ គឺជាថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ ៤២ឆ្នាំរបស់ខ្ញុំផងដែរ។ សូមអរគុណជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលបានជូនពរខ្ញុំ និងភរិយាជាទីស្រឡាញ់បំផុតរបស់ខ្ញុំ នៅក្នុងថ្ងៃដ៏ពិសេសបំផុតរបស់ខ្ញុំថ្ងៃនេះ!»។