(ប៉េកាំង)៖ ប្រទេសចិនបានបង្ហាញភាពជឿជាក់ថា ការបោះឆ្នោតក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៨នេះ នឹងមានលក្ខណៈយុត្តិធម៌ នេះជាការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ចិន បន្ទាប់ពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានបញ្ឈប់ការគាំទ្រការបោះឆ្នោតឆ្លើយតបនឹងការរំលាយបក្សប្រឆាំង ចេញផ្សាយដោយសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នេះ។
«ភាគីចិន គោរព និងគាំទ្រមាគ៌ាអភិវឌ្ឍន៍ដែលជ្រើសរើសដោយប្រជាពលរដ្ឋកម្ពុជា និងជឿជាក់ថា តាមរយៈការអង្កេតការណ៍ពីគ្រប់មជ្ឈដ្ឋាន នឹងធ្វើឱ្យការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជានាពេលខាងមុខ អាចឆ្លុះបញ្ចាំងអំពីភាពយុត្តិធម៌ ហើយការជ្រើសរើសបក្ស និងថ្នាក់ដឹកនាំ នឹងស្របតាមឆន្ទៈប្រជាពលរដ្ឋកម្ពុជា» នេះជាការលើកឡើងរបស់លោក Kong Xuanyou អនុរដ្ឋមន្ត្រីការបរទេសចិន។
លោក Kong Xuanyou បានបង្ហើបបែបនេះ នៅមុនដំណើរទស្សនកិច្ចរបស់លោក Li Keqiang នាយករដ្ឋមន្ត្រីចិន មកកាន់ប្រទេសកម្ពុជាថា ចិននឹងផ្តល់ការគាំទ្រដល់ការបោះឆ្នោតនៅកម្ពុជា ប៉ុន្តែមិនទាន់បញ្ជាក់ទេថានឹងផ្តល់ការគាំទ្រក្នុងរូបភាពបែបណានោះ។ ប៉ុន្តែភាគីកម្ពុជាឱ្យដឹងថា ភាគីចិននឹងផ្តល់គ្រឿងបរិក្ខារផ្សេងៗសម្រាប់ការបោះឆ្នោតនៅខែកក្កដាខាងមុខ ក្នុងនោះរួមមានប្រអប់សន្លឹកឆ្នោត និងស្តង់ជាដើម។
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានលុបចោលការឧបត្ថម្ភដែលបានគ្រោងទុក បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការកំពូលប្រកាសរំលាយគណបក្សសង្គ្រោះជាតិ កាលពីខែវិច្ឆិកាកន្លងទៅនេះ តាមសំណើរបស់រដ្ឋាភិបាល។ លោក Kong បាននិយាយថា ប្រទេសចិន គឺជាប្រភពវិនិយោគបរទេសដ៏ធំបំផុតជាដៃគូពាណិជ្ជកម្ម និងជាប្រភពនៃភ្ញៀវទេសចរបរទេសដ៏ច្រើនបំផុតសម្រាប់កម្ពុជា។
លោក Li Keqiang គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមករាខាងមុខ ដើម្បីចូលរួមកិច្ចប្រជុំ មេគង្គ-ឡានឆាងលើកទី០២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨។ កិច្ចប្រជុំនេះនឹងមានថ្នាក់ដឹកនាំប្រទេសជាប់ដងទន្លេមេគង្គ៤ផ្សេងទៀតចូលរួមផងដែរ រួមមាន៖ ថៃ វៀតណាម ឡាវ និងមីយ៉ាន់ម៉ា នេះបើយោងតាមក្រសួងការបរទេសកម្ពុជា។
កាលពីរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់តាមរយៈ Facebook របស់សម្តេចយ៉ាងដូច្នេះ «នៅសប្តាហ៍ក្រោយនេះ យើងនឹងទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តីចិន លី គឺឈាំង (Li Keqiang) ដែលនឹងអញ្ជើញមក ទស្សនៈកិច្ចជាផ្លូវការនៅកម្ពុជា។ ជាមួយគ្នានេះដែរ នឹងមានអ្នកវិនិយោគគិនចិនជាច្រើនមករកឱកាស បណ្តាក់ទុន វិនិយោគនៅក្នុងប្រទេសយើងផងដែរ»៕