(ភ្នំពេញ)៖ កងពលតូចថ្មើរជើងលេខ៧០ បានចាក់ផ្សាយបន្ត នូវខ្សែភាពយន្តឯកសារពិសេសស្តីពី «ដំណើរឆ្ពោះទៅរកការសង្រ្គោះជាតិ» ជូនយោធិនដើម្បីបានទស្សនា ហើយយល់អំពីប្រវត្តិសាស្ត្រពិត នៃការតស៊ូដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ​រំដោះប្រទេសជាតិចេញពីរបបគុកឥតជញ្ជាំង​រវាងពីខែមេសា ឆ្នាំ១៩៧៥ ដល់ដើមឆ្នាំ១៩៧៩​។

ការចាក់ផ្សាយបន្ដនេះ ត្រូវធ្វើឡើងនៅយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨នេះ ដោយមានការណែនាំពី លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៧០។

មិនត្រឹមតែប៉ុណ្ណោះ​ ការចាក់ផ្សាយនេះក៏ដើម្បីឲ្យយោធិនបន្តវេនជំនាន់ក្រោយ បានយល់ថា បើគ្មានការតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន ក៏កម្ពុជាមិនទទួលសុខសន្តិភាព ពេញលេញពិតប្រាកដដូចសព្វថ្ងៃនេះដែរ​។​

សូមរំលឹកថា ចេញពីទីតាំងកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៃបញ្ជាការដ្ឋានវរសេនាធំ តំបន់២១ វេលាម៉ោង ២១៖០០នាទី ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ចំថ្ងៃចន្ទ ៥កើត ខែអាសាឍ ឆ្នាំម្សាញ់ ព.ស ២៥២១ សមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្តចំនួន៤នាក់ គឺលោក នុច ថន, លោក ញឹក ហ៊ន, លោក ស៊ូ គឹមស្រ៊ាង ហៅសាញ់ និងលោក វ៉ា ប៉ោអ៊ាន បានចាប់ផ្តើមដំណើរភៀសខ្លួនទៅវៀតណាម ដើម្បីស្វែងរកការជួយឧបត្ថម្ភ ក្នុងការរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។

ក្នុងខ្សែភាពយន្តឯកសាររយៈពេលជាងមួយម៉ោង បានរៀបរាប់យ៉ាងលំអិតអំពីការសម្រេចចិត្ត និងដំណើរឆ្ពោះទៅកាន់ទិសខាងកើត កាលពីឆ្នាំ១៩៧៧ របស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ៤រូបផ្សេងទៀត៕