(ភ្នំពេញ)៖ ស្ត្រីវ័យចំណាស់ម្នាក់ បានស្នើសុំយ៉ាងទទូចដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរពាក់ព័ន្ធ មេត្តាជួយផ្ដល់កិច្ចអន្តរាគមន៍ដោះស្រាយរឿងដីធ្លីរបស់គាត់មួយកន្លែង ដែលមានលិខិតកាន់កាប់ស្របច្បាប់ត្រឹមត្រូវជាយូរឆ្នាំមកហើយ ដោយមានការទទួលស្គាល់ពីអាជ្ញាធរតាំងពីភូមិរហូតដល់ក្រុង, មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី រាជធានីភ្នំពេញ,ក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី, អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី, ទីស្ដីការគណៈរដ្ឋមន្ត្រី តែត្រូវបានលោក មាស សាវឿន អតីតអភិបាលរងខេត្តព្រះវិហារ និងភរិយាឈ្មោះ តាំង ឈុនអេង បានរំលោភយកដីរបស់គាត់ទាំងបំពានច្បាប់មួយកន្លែង ដោយធ្វើរោងយាមចាំដី ចាក់បំពេញអាចម៍ដីបន្ថែម និងសាងសង់របងថ្មរឹងមាំ ទាំងថ្ងៃ ទាំងយប់ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
អ្នកស្រី លឹម វណ្ណា បានរៀបរាប់ប្រាប់ភ្នាក់ងារ Fresh News យ៉ាងដូច្នេះថា នាងខ្ញុំមានចិត្តសប្បាយរីករាយ និងក្ដីសង្ឃឹមក្នុងជីវិតរស់នៅណាស់ចាប់តាំងពីថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩មក ជាពិសេសការរស់នៅក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំប្រឹងប្រែងតាំងពីបាតដៃទទេរមករហូតមានការរីកច្រើនមកដល់ពេលបច្ចុប្បន្ននេះ។ នាងខ្ញុំឃើញ សម្តេចមានការហត់នឿយខ្លាំងណាស់ព្រោះតែការការពារ នូវសមិទ្ធិផលទាំងឡាយ ការពារនូវសន្តិភាព ស្ថេរភាពនយោបាយ និងភាពសុខសាន្ដរបស់ប្រជាជន ប៉ុន្តែផ្ទុយទៅវិញ បែរជាមន្ត្រីមានអំណាចមួយចំនួនបានរំលោភបំពាន សង្កត់សង្កិន និងបំបាក់ផ្លូវចិត្តរបស់ប្រជាពលរដ្ឋស្លូតត្រង់ និងទន់ខ្សោយ។
អ្នកស្រី លឹម វណ្ណា សូមគោរពស្នើសុំសម្ដេច មេត្តាជួយអន្តរាគមន៍ពន្លឿនការដោះស្រាយទប់ស្កាត់លោក មាស សាវឿន និងភរិយាលោកស្រី តាំង ឈុនអេង ដែលបាននិងកំពុងរំលោភយកដីរបស់នាងខ្ញុំទាំងបំពានច្បាប់ ដើម្បីនាងខ្ញុំបានប្រើប្រាស់កាន់កាប់ និងស្នាក់អាស្រ័យផលបានពីព្រោះការដោះស្រាយនេះ បានពន្យាពេលជិត២០មកហើយ។
សូបញ្ជាក់ថា លោកស្រី លឹម វណ្ណា បានស្នើសុំកិច្ចអន្តរាគន៍ពន្លឿនការដោះស្រាយរឿងជម្លោះដីធ្លីពីសំណាក់ថ្នាក់ដឹកនាំបែបនេះ បានធ្វើឡើងក្រោយថ្ងៃឱសានវាទរយៈពេលជាង១ខែ បានរំលងផុតទៅហើយ បន្ទាប់ពីអាជ្ញាធរខណ្ឌឬស្សីកែវ បានទុកឲ្យលោក មាស សាវឿន អតីតអភិបាលរងខេត្តព្រះវិហារ ត្រូវតែរុះរើសំណង់រំលោភលួចសាងសង់ រោងឈើចាំដីរបស់ខ្លួនចេញពីទីតាំងទំនាស់មួយកន្លែង ស្ថិតនៅក្នុងភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ប៉ុន្តែពេលអាជ្ញាធរចុះទៅធ្វើកិច្ចសន្យាសាជាថ្មី ស្រាប់តែអ្នកចាំដី ឲ្យអតីតអភិបាលរងខេត្តព្រះវិហាររូបនេះ ដែលមានគ្នាប្រមាណជិត១០នាក់ មិនបានយល់ព្រមចុះទទួល ព្រមទាំងមានកាន់កាំបិត ពូថៅ ដើម្បីគំរាមមកអាជ្ញាធរទៀតផង។
ជាមួយគ្នានេះ អាជ្ញាធរខណ្ឌឬស្សីកែវ បានប្រកាសចាត់វិធានការតាមច្បាប់ ចំពោះម្ចាស់ទីតាំងដែលមិនព្រមធ្វើតាមកិច្ចសន្យា និងការណែនាំរបស់អាជ្ញាធរ។ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅ ដែលគំរប់ថ្ងៃ១ខែ នៃការដាក់ឱសានវាទ ដើម្បីឲ្យរុះរើសំណង់នៅលើដីរបស់ខ្លួន លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ តំណាងលោក ជា ពិសី អភិបាលខណ្ឌ ក្រោមការបញ្ជាដោយផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ឲ្យលោក លឹម សាមឌី អនុប្រធានការិយាល័យអន្តរវិស័យខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចម្រុះ ចុះប្រតិបត្តិការរដ្ឋបាលជាថ្មីម្ដងទៀត ដោយធ្វើកំណត់ហេតុឲ្យសន្យាជាលើកទី២ ដើម្បីឲ្យរុះរើរោងចាំដីរំលោភ និងដកទាំងគ្រឿងចក្រផងដែរ ក្នុងការបញ្ឈប់សកម្មភាពបំពាននោះចេញ ស្រាប់តែត្រូវបានតំណាងរបស់លោក មាស សាវឿន ជាច្រើនាក់ ដែលរង់ចាំយាមដីធ្វើការច្រានចោលទាំងស្រុង មិនព្រមឯកភាពផ្ដិតមេដៃ ទទួលយកកំណត់ហេតុសន្យានេះឡើយ ដោយយកឡេះឆ្លើយថា ម្ចាស់ដីមិននៅ «ពោលគឺលោក មាស សាវឿន មិននៅ»។
មន្ត្រីសាលាខណ្ឌឫស្សីកែវ បានបញ្ជាក់ថា បន្ទាប់ពីអាជ្ញាធរខណ្ឌ បានចេញសេចក្ដីជូនដំណឹង ក៏ដូចជាធ្វើការណែនាំជាបន្តបន្ទាប់ឲ្យលោក មាសសាវឿន និងតំណាងដែលយាមចាំដី មិនត្រឹមតែមិនអនុវត្តទៅតាមកំណត់ហេតុផ្លូវច្បាប់ ដែលបានសន្យាជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរុះរើសំណង់ចាំដីរបស់ខ្លួនចេញពីទីតាំងទំនាស់ជាមួយលោកស្រី លឹម វណ្ណា នោះទេ ថែមទាំងបានធ្វើរបងថ្មរឹងមាំ និងបញ្ជាគ្រឿងចក្របញ្ជាឲ្យចាក់ដីរាប់សឹបឡាន នៅលើដីទំនាស់បន្ថែមទៀតទាំងបំពាន។ បើតាមលោក មាស សាវឿន កាលពីកន្លងមកក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ដីដែលមានទំនាស់ជាមួយលោកស្រី លឹម វណ្ណា នោះជាដីរបស់គាត់ដែលបានកាន់កាប់តាំងពីឆ្នាំ១៩៨៨ រហូតមកទល់បច្ចុប្បន្ន ដោយមានទំហំដល់ទៅជាង៣ហិកតាឯណោះ។
តែបើតាមលោកស្រី លឹម វណ្ណា បានអះអាងថា ដីទំនាស់នេះ មានទំហំប្រមាណជាង១ហិកតា ស្មើនិង១២០០០ម៉ែត្រការ៉េ ដោយគាត់បានទិញដោយស្របច្បាប់ពីលោក លឹម អាន ចំនួនក្បាលដី៦០ម៉ែត្រ មានជម្រៅ២០០ម៉ែត្រ នៅក្នុងឆ្នាំ១៩៩៩មកម្ល៉េះ និងមានទាំងឯកសារពីអាជ្ញាធរ ភូមិ សង្កាត់ ខណ្ឌដឹងឮ និងទទួលស្គាល់ត្រឹមត្រូវ ជាពិសេសលោក មាស សាវឿន អតិតអភិបាលរងខេត្តព្រះវិហារ ដែលធ្លាប់មានរឿងអាស្រូវជាប់ពន្ធនាគាររឿងដីធ្លី បានលក់ដីរបស់ខ្លួនអស់ទៅហើយចំនួន១២៥ម៉ែត្រ និងជម្រៅ២០០ម៉ែត្រ ដែលនៅខាងកើតជាប់ក្បាលដីរបស់ឈ្មោះ លឹម អាន ជាពិសេសលោក មាស សាវឿន បានផ្ដិតមេដៃទទួលស្គាល់ព្រុំដីនៅចំពោះមុខមេភូមិ និងអនុប្រធានភូមិ ក្នុងឆ្នាំ២០០០មក ស្រាប់តែប្តឹងចោទឈ្មោះ លឹម អាន ថាលួចយកដីលក់ ដើម្បីដណ្ដើមដីរបស់គាត់ដែលទិញដោយស្របច្បាប់ ទើបមានការប្ដឹងផ្ដល់គ្នារហូតដល់អំឡុងឆ្នាំ២០១៦។ ករណីនេះត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ស៊ី វណ្ណនី ធ្វើការកោះហៅឲ្យលោក ប៉ុល ឌីម ជាមេភូមិទួលគោក និងលោក ស៊ុន លឹមសេង អនុប្រធានភូមិ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ឲ្យចូលខ្លួនមកបំភ្លឺបញ្ជាក់ជុំវិញករណីពិនិត្យស្នាមមេដៃលើលិខិតលក់-ទិញដី និងទទួលស្គាល់ព្រុំជាប់ដីទាំងសង្ខាង ដើម្បីបញ្ចប់បញ្ហា ហើយបានរកឃើញថា ពិតជាស្នាមមេដៃលោក មាស សាវឿន ប្រាកដមែន «ពោលគឺលោក មាស សាវឿន មិនមានដីនៅទីតាំងនោះទៀតទេ»។
លោកស្រី លឹម វណ្ណា បន្តថា កាលពីអំឡុងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧កន្លងទៅ ត្រូវបានក្រុមគ្រួសារលោកស្រី ថាច់ ស៊ី សុម៉ា ប្រមាណជិត១០នាក់ ដែលអ្នកយាមដីឲ្យលោក មាស សាវឿន បាននាំគ្នាមកសាងសង់រោងឈើចាំដីរំលោភយកដីរបស់គាត់ ប៉ុន្តែគាត់បានប្តឹងភ្លាមៗ ទៅអាជ្ញាធរខណ្ឌឬស្សីកែវ ឲ្យជួយអន្តរាគមន៍ចុះមករុះរើ តែត្រូវម្ចាស់សុំពន្យាពេល។
ពាក់ព័ន្ធរឿងទំនាស់ដីធ្លីដ៍រ៉ាំរ៉ៃ ខាងលើនេះដែរ បានធ្វើឲ្យអ្នកយាមចាំដីឲ្យលោក មាស សាវឿន និងបក្ខពួកជិត១០នាក់ ប្រដាប់ដោយកាំបិទ ពូថៅ ដែលមានជម្លោះជាមួយលោកស្រី លឹម វណ្ណា អាចបង្កជាហានិភ័យខ្ពស់ ទៅដល់ប្រជាពលរដ្ឋទូទៅ ដែលធ្វើដំណើរតាមដងផ្លូវឆ្លងកាត់ទីតាំងដីទំនាស់៕