(ភ្នំពេញ)៖ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានកងអង្គរក្ស បានអញ្ជើញធ្វើបាឋកថាស្តីពី «វិស័យការពារជាតិរបស់កម្ពុជា» ជូនដល់មន្រ្តីជិត៦០០នាក់ នៅសាលាភូមិរដ្ឋបាល។
ក្រោយពីបានស្តាប់របាយការណ៍ស្វាគមន៍ លោក យក់ ប៊ុនណា នាយកសាលាភូមិន្ទរដ្ឋបាល រួចមក នាយឧត្តមសេនីយ៍ បានថ្លែងការកោតសរសើរ ដល់សាលាភូមិន្ទរដ្ឋបាល ដែលកន្លងមកតែងតែជួយបង្កលក្ខណៈល្អជាមួយបញ្ជាការដ្ឋានអង្គរក្ស។
នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានលើកឡើងពីប្រវត្តិដ៏ជូជត់ និងទុក្ខវេទនាបំផុត ដែលប្រជាពលរដ្ឋកម្ពុជាបានជួបប្រទះ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ជាក់ស្តែងនៅវត្តពិសីឧត្តម នេះតែម្តងត្រូវបានបំផ្លាញខ្ទេចខ្ទី គ្មានសល់ទេ ហើយពេលនោះដែរ ពុំមានគណបក្សនយោបាយ ឬជនមួយចំនួនដែលអះអាងថា ជាអ្នកស្នេហាជាតិចេញមុខមកជួយប្រជាពលរដ្ឋកម្ពុជា ឲ្យរួចផុតពីការសម្លាប់យ៉ាងឃោឃៅព្រៃផ្សៃនោះទេ គឺមានតែសម្តេចទាំងបី ដែលដឹកនាំរំដោះ និងកសាងប្រទេសជាតិ តាំងពីបាតដៃទទេ ពីគំនរផេះផង់ ហើយបាននាំសុខសន្តិភាព ស្ថិរភាព ពេញផ្ទៃប្រទេស។
នាយឧត្តមសេនីយ៍ បានលើកឡើងយ៉ាងច្បាស់ថា «ការពារដាច់ខាតមិនឲ្យមានបដិវត្តន៍ពណ៌ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជានោះទេ ទោះត្រូវចាយក្នុងតម្លៃណាក៏ដោយ។ ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា បានខិតខំពុះពារ គ្រប់ឧបសគ្គ រក្សាបាននូវ សុខសន្តិភាព ស្ថេរភាព រហូតអភិវឌ្ឍ ប្រទេសជាតិឈានឆ្ពោះទៅរកការរីកចម្រើនលើគ្រប់វិស័យបន្តទៀត»។
នាយឧត្តមសេនីយ៍រូបនេះ សង្កត់ធ្ងន់ថា «បើគ្មានគោលនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលទេ សង្គ្រាមនៅកម្ពុជា មកដល់ពេលនេះ ក៏នៅមិនទាន់ចប់ផង សូមពុក ម៉ែ បងប្អូន ត្រូវយល់ពីបញ្ហានេះ កុំចាញ់បោកជនអគតិមួយចំនួន ដែលតែងតែញុះញុង ចង់បំផ្លាញសុខសន្តិភាពដែលយើងទទួលបានយ៉ាងលំបាក។ ប៉ុន្តែមានជនមួយក្តាប់តូច តែងតែលើកតម្កើងថ្ងៃ២៣ តុលា ដោយចោទរាជរដ្ឋាភិបាលថា បានរំលោភ កិច្ចព្រមព្រៀងសន្ធិសញ្ញាក្រុងបារីស ២៣ តុលា ទៅវិញ។ អ្នកឯងត្រូវទទួលស្គាល់ថា បើគ្មានថ្ងៃ៧មករា ទេ ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា នោះដែរ ហើយក៏គ្មានសិទ្ធមនុស្ស គ្មានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍរីកចម្រើន លូតលាស់លើគ្រប់វិស័យ ដូចសព្វថ្ងៃនេះដែរ»។
ក្រោយពីបានស្តាប់ការសំណេះសំណាល ជាមួយកម្មសិក្សាការីសាលាភូមិន្ទរដ្ឋបាលរួច នាយឧត្តមសេនីយ៍ និងលោកស្រី បានរៀបចំបាយសាមគ្គីរួមគ្នាជាមួយសាលាភូមិន្ទរដ្ឋបាលផងដែរ៕