(ភ្នំពេញ)៖ សហរដ្ឋអាមេរិក បានផ្តល់ជំនួយជាង៣២ម៉ឺនដុល្លារ ដល់មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) សម្រាប់សកម្មភាពបោសសំអាត កាកសំណល់ជាតិផ្ទុះពីសង្គ្រាម នៅខេត្តចំនួន៥ ស្ថិតនៅក្នុងប្រទេសកម្ពុជា នាភាគខាងកើត។ នេះបើតាមការប្រកាសរបស់ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា។
ការផ្តល់ជំនួយនេះ បានធ្វើឡើងតាមរយៈអង្គការជំនួយប្រជាជននរ័វេស្សន៍(NPA) ប្រចាំតំបន់ ដែលត្រូវបានចុះហត្ថលេខា នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨នេះ។ ជំនួយទាំងនេះ នឹងត្រូវអនុវត្តនៅខេត្តចំនួន៥ រួមមាន នៅខេត្តកំពង់ចាម ត្បូងឃុំ ក្រចេះ ស្វាយរៀង និងព្រៃវែង។
លោក ហេង រតនា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំបានចុះហត្ថលេខា កិច្ចសហប្រតិបតិ្តការជាមួយ លោកប្រធានអង្គការជំនួយប្រជាជននរ័វេស្សន៍(NPA) ប្រចាំតំបន់ ដើម្បីទទួលជំនួយថវិកាចំនួន ៣២៣.៦៦៨ដុល្លារអាមេរិក ដែលផ្តល់ដោយក្រសួងបរទេសនៃរដ្ឋាភិបាលសហរដ្ឋអាមេរិក គាំទ្រសកម្មភាព បោសសំអាតកាកសំណល់ជាតិផ្ទុះពីសង្គ្រាម នៃកងឯកភាពកំចាត់មីនទី៥ របស់ស៊ីម៉ាក់ ដែលត្រូវប្រតិបតិ្តការនៅ ខេត្តកំពង់ចាម ត្បូងឃុំ ក្រចេះ ស្វាយរៀង និងព្រៃវែង»។
លោកបានបន្តថា «គំរោងនេះមានរយះពេល២ខែដើមឆ្នាំ២០១៨ ដើម្បីស៊ីម៉ាក់សហការដេញថ្លៃគំរោងជំនួយ៤លានដុល្លាររយះពេល២ឆ្នាំ (២០១៨-១៩)»។
បើតាម លោក ហេង រតនា, រយៈពេល១២ខែ ២០១៧កន្លងទៅនេះ គម្រោងជំនួយសហរដ្ឋអាមេរិក ត្រូវបានផ្តល់ទៅស៊ីម៉ាក់ តាមរយៈអង្គការNPA ហើយស៊ីម៉ាក់ទទួលផ្ទាល់ មានចំនួនជាង២លាន១សែនដុល្លារអាមេរិក ដោយសម្រេចបានលទ្ធផលរំដោះផ្ទៃដីបានចំនួន ៦៥គីឡូម៉ត្រក្រឡា ស្រាវជ្រាវ តំបន់ចំការគ្រាប់ និងរុករកឃើញ និងកម្ទេចចោលសំណល់ជាតិពីសង្គ្រាមគ្រប់ប្រភេទមានចំនួនជាង២ម៉ឺនគ្រាប់៕