(ព្រះវិហារ)៖ ជនសង្ស័យវ័យចំណាស់ល្មោភកាមម្នាក់ ត្រូវបានកម្លាំងនគរបាលក្រុងព្រះវិហារ ឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់អាណាព្យាបាលក្មេងស្រីរងគ្រោះ២នាក់ ក្រោយចាប់រំលោភកូនស្រី របស់ពួកគាត់បានសម្រេចជាច្រើនដង។ ការឃាត់ខ្លួនជនសង្ស័យរូបនេះ បានធ្វើឡើងកាលពីថ្ងៃ៣ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិះហារ។
លោកវរសេនីយ៍ទោ គង់ គា អធិការនគរបាលក្រុងព្រះវិហារ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨នេះថា ករណីនេះកើតឡើងកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧មកម្ល៉េះ តែដោយសារក្មេងស្រីរងគ្រោះ មិនបានប្រាប់ក្រុមគ្រួសារឲ្យដឹង ក៏ចេះតែស្ងាត់ទៅៗ ជាហេតុធ្វើឲ្យជនសង្ស័យ បន្តសកម្មភាពចាប់ បានសម្រេចក្នុងម្នាក់ៗជាច្រើនដងទើបបែកការណ៍។
លោកវរសេនីយ៍ទោ គង់ គា បានបន្តថា មូលហេតុដែលបណ្តាលម្តាយក្មេងស្រីរងគ្រោះប្តឹងសមត្ថកិច្ច ព្រោះតែក្មេងស្រីរងគ្រោះម្នាក់ បានប្រាប់ម្តាយពីអាការៈឈឺប្រដាប់ភេទ ដោយសារជនសង្ស័យចាប់រំលោភ។ ក្រោយទទួលពាក្យបណ្តឹងពីម្តាយក្មេងស្រីរងគ្រោះ សមត្ថកិច្ចក៏បានចុះឃាត់ខ្លួនជនសង្ស័យភ្លាមៗផងដែរ។
ពេលឃើញសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ក្មេងស្រីរងគ្រោះម្នាក់ទៀត បានប្រាប់ទៅម្តាយថា ជនសង្ស័យរូបនេះ ក៏ធ្លាប់ចាប់រំលោភខ្លួនដែរ ពេលនោះម្តាយក្មេងស្រីរងគ្រោះ ក៏បានមកដាក់ពាក្សបណ្តឺងផងដែរ។ លោកអធិការក្រុងព្រះវិហារ បានសន្និដ្ឋានថា អាចមានក្មេងស្រីរងគ្រោះជាច្រើនរូបទៀត ដែលត្រូវជនសង្ស័យចាប់រំលោភ ប៉ុន្តែទោះជាយ៉ាងណា លោកកំពុងស្រាវជ្រាវបន្តទៀត។
លោកអធិការក្រុងព្រះវិហារ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ចេង ជិន អាយុ៦៧ឆ្នាំ ចំណែកក្មេងស្រីរងគ្រោះម្នាក់អាយុ១២ឆ្នាំ និងម្នាក់ទៀត អាយុ១១ឆ្នាំ។ បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាល បញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមច្បាប់៕