(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងដាច់អហង្ការថា គ្រប់មន្ទីរពេទ្យរដ្ឋ និងគ្រប់គ្រឹះស្ថានសុខាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ធ្វើយ៉ាងណា ត្រូវតែពង្រឹងគោលនយោបាយសុខាភិបាលគាំពារសង្គម ក្នុងឱកាសឆ្នាំថ្មី ឆ្នាំ២០១៨នេះ ឲ្យបានរឹងមាំលើសឆ្នាំមុនៗ ដើម្បីធានាប្រសិទ្ធភាពផ្នែកសុខាភិបាលជូនប្រជាពលរដ្ឋទូទៅ។

សម្ដេចតេជោប្រកាសដ៏មុតមាំបែបនេះ ក្នុងឱកាសសម្ដេចអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ អគារព្យាបាលថ្មីមួយ មានកម្ពស់៦ជាន់ ស្មើនឹង៧៨បន្ទប់ នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលមានឈ្មោះថា «អគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន» នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមករា គ.ស ២០១៨។

សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា បន្ទាប់ពីរំដោះប្រទេស និងប្រជាពលរដ្ឋកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ខ្មែរក្រហម តាំងពីឆ្នាំ១៩៧៩មក រាជរដ្ឋាភិបាលកម្ពុជា បានពូតដៃប្រកៀកស្មាគ្នាខិតខំស្វែងរក និងថែរក្សានូវសន្តិភាពជូនប្រជាពលរដ្ឋ និងបានខិតខំអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ជាមួយគ្នានោះ វិស័យសុខាភិបាលក៏ជាវិស័យអាទិភាពមួយ ដែលរាជរដ្ឋាភិបាកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងអភិវឌ្ឍន៍ជាប្រចាំ តួយ៉ាងក្រសួងសុខាភិបាល ជាក្រសួងអាទិភាពខ្លាំងជាងគេ ដែលសម្ដេចត្រូវចូលរួមក្នុងសន្និបាតប្រចាំឆ្នាំ ហើយតែងតែបានផ្ដល់នូវអនុសាសន៍ ការលើកទឹកចិត្ត និងវិភាគទានជារឿយៗផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ឆ្នាំ២០១៧ កន្លងផុតទៅនេះ ជាឆ្នាំដែលយើងដាក់ចេញនូវកម្មវិធីសុខាភិបាលគាំពារសង្គម ហើយឆ្នាំនេះ គឺជាឆ្នាំដែលយើងត្រូវអនុវត្តនូវចក្ខុវិស័យ នូវក្របខណ្ឌគោលនយោបាយនៃកិច្ចគាំពារសង្គម ដែលក្នុងនោះ ក៏បានដាក់បញ្ចូលនៅក្នុងក្រោមមូលនិធិសមធម៌ ជូនកម្មករ-កម្មការិនីទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធប្រមាណជាង៣លាននាក់ទៀត»

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានរំឭកថា ក្រោយពេលរំដោះប្រទេសកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាឆ្នាំ១៩៧៩មក ក្នុងរាជធានីភ្នំពេញ នៅសល់តែគ្រូពេទ្យតិចតួចប៉ុណ្ណោះ ហើយវិស័យសុខាភិបាលក៏ទន់ខ្សោយខ្លាំងដែរ។ ក្នុងពេលដែលចំនួនគ្រូពេទ្យតិចតួចយ៉ាងដូច្នោះ រដ្ឋាភិបាលបានប្រមូលក្រុមគ្រូពេទ្យ និងបង្កើតជាគិលានដ្ឋាន ប៉ុន្តែមិនគ្រប់គ្រាន់ទេ ព្រោះក្នុងគិលានដ្ឋានមួយៗ មានគ្រូពេទ្យមានតែ២នាក់ប៉ុណ្ណោះ ហើយជំនាញក៏ខ្សោយថែមទៀត ចំណែកថ្នាំសង្កូវក៏មានតិចតួចដែរ នៅពេលមានអ្នកជំងឺទៅដល់ មានតែបបួលគ្នាកោសខ្យល់ ព្រោះគ្មានថ្នាំសង្កូវ គ្មានឧបករណ៍ព្យាបាលគ្រប់គ្រាន់។

មេដឹកនាំកម្ពុជា បានបន្តទៀតថា ក្រោយរបបប្រល័យពូជាសាសន៍ មន្ទីរពេទ្យមួយចំនួនត្រូវបានបើកដំណើរការឡើងវិញ ប៉ុន្តែស្ថានភាពនៅពេលនោះ គឺពិតជាលំបាកលំបិនខ្លាំងណាស់។ រហូតដល់បច្ចុប្បន្ន ស្ថានភាពត្រដាបត្រដុសទាំងនោះ ត្រូវបានផ្លាស់ប្ដូរហើយ ជាមួយការវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ លើវិស័យសុខាភិបាល ពីសំណាក់រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា ដែលពួកគេបានផ្ដល់ជំនួយជាបន្តបន្ទាប់ សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ និងសម្រាប់វិស័យសុខាភិបាលនៅកម្ពុជា៕