(ស្ទឹងត្រែង)៖ ប្រមុខការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧នេះ បានអញ្ជើញទៅកាន់តំបន់អូរអាឡៃ និងអូរតាង៉ាវ ស្ថិតក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ទីតាំងដែលកងទ័ពឡាវធ្លាប់បានចូលទន្ទ្រានកាលពីឆ្នាំ២០១៧កន្លងទៅនេះ។
ដំណើរអញ្ជើញចុះទៅកាន់តំបន់ដែលទ័ពឡាវធ្លាប់ចូលទន្ទ្រាននេះ មានការអមដំណើរពីមន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិ និងមេទ័ពកំពូលៗរបស់កម្ពុជាជាច្រើនរូបផ្សេងទៀត។ សម្តេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញពិនិត្យស្ថានភាពទូទៅតាមបន្ទាត់ព្រំដែន ព្រមទាំងបានសាកសួរសុខទុក្ខកងទ័ពនៃកងពលតូចថ្មើរជើងលេខ១២៨ផងដែរ។
ក្រៅពីអញ្ជើញត្រួតពិនិត្យស្ថានភាពតាមបន្ទាត់ព្រំដែន សាកសួរសុខទុក្ខកងទ័ពហើយនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានក្រើនរំលឹកដល់កងទ័ពឲ្យយកចិត្តទុកដាក់ពង្រឹងសមត្ថភាព ដើម្បីការពារបូរណភាពទឹកដីផងដែរ។
សូមបញ្ជាក់ថា តំបន់អូរអាឡៃ និងអូរតាង៉ាវ ជាទីតាំងដែលកងទ័ពឡាវធ្លាប់បានចូលមកកាន់កាប់នៅឆ្នាំ២០១៧កន្លងទៅនេះ។ បន្ទាប់ពីមានការចរចាដោយសន្តិវិធីរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ កងទ័ពឡាវ បានព្រមដកខ្លួនទៅវិញនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧។
ក្រោយកងទ័ពឡាវព្រមដកខ្លួនទៅវិញសម្តេចតេជោ ហ៊ុន សែន ក៏បានបង្កើតកងពលតូចអន្តរាគមន៍លេខ១២៨ ដែលជាលេខតំណាងឲ្យថ្ងៃខែ នៃការដកខ្លួនរបស់កងទ័ពឡាវ ហើយបានយកកងទ័ពចូលទៅគ្រប់គ្រងតំបន់នោះយ៉ាងរឹងមុំា៕