(សៀមរាប)៖ ក្រោយការចូលរួមបោះឆ្នោតពីភ្ញៀវទេសចររាប់លាននាក់ នៅជុំវិញពិភពលោក បានសម្រេចនូវលទ្ធផលមួយដ៏អស្ចារ្យ ដោយផ្តល់ចំណាត់ថ្នាក់លេខ១ ដល់ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាសំណង់ប្រវត្តិសាស្រ្ដដ៏អស្ចារ្យបំផុតលើពិភពលោកសម្រាប់ឆ្នាំ២០១៧ (Cambodia’s Angkor Temple- the World’s Magnificent Historic Building Site for 2017 ) និងចំណាត់ថ្នាក់លេខ៨ ជាគោលដៅទេសចរណ៍របស់ពិភពលោក សម្រាប់ឆ្នាំ២០១៧នេះ។ នេះបើយោងតាមការចុះផ្សាយ នៅលើគេហទំព័រដ៏ល្បីល្បាញ TripAdvisor ហើយត្រូវបានអាជ្ញាធរអប្សរា បានប្រាប់មកកាន់បណ្តាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨នេះ។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បាន​ប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨នេះថា សម្រាប់ពានរង្វាន់នៃការជាប់ចំណាត់ថ្នាក់ខាងលើនេះ ខាងគណៈកម្មការ នៃការផ្តល់ពានរង្វាន់ដ៏អស្ចារ្យនេះ នឹងប្រគល់ជូនមកកម្ពុជានាពេលឆាប់ៗខាងមុខ។

បើតាមអាជ្ញាធរអប្សរា នេះគឺជាឆ្នាំទី៤ហើយ ដែលប្រាសាទអង្គរវត្តរបស់កម្ពុជា ត្រូវបានភ្ញៀវទេសចរលើពិភពលោកបោះឆ្នោតគាំទ្រ ហើយទទួលបានចំណាត់លេខ១ជាប់ៗគ្នា តាមរយៈគេហទំព័រដ៏ល្បីល្បាញផ្សេងៗគ្នា កាលពីឆ្នាំ២០១៤ អង្គរបានជាប់ចំណាត់ថ្នាក់លេខ១ នៅលើគេហទំព័រមួយ ដែលតែងតែយកតំបន់បុរាណវិទ្យា និងប្រវត្តិសាស្រ្តទាំងអស់លើពិភពលោក មកប្រៀបធៀបគ្នា នោះគឺគេហទំព័រ Archaeo Madness។

សូមបញ្ជាក់ថា នៅដើមឆ្នាំ២០១៥ អង្គរវត្តទទួលក៏បានចំណាត់ថ្នាក់លេខ១ម្តងទៀត នៅលើគេហទំព័រអន្តរជាតិមួយ ដែលជាគេហទំព័រផ្សព្វផ្សាយតំបន់ទេសចរណ៍ល្បីៗលើពិភពលោក នោះគឺគេហទំព័រ TripAdvisor។ ក្រោយមកទៀត នៅឆ្នាំ២០១៦ អង្គរវត្តបានបន្តជាប់លេខ១ បន្ថែមទៀត នៅលើគេហទំព័ររបស់ក្រុមហ៊ុន Lonely Planet ដែលជាគេហទំព័រផ្សព្វផ្សាយ និងជាប្រភពព័ត៌មានទេសចរណ៍ ដ៏ល្បីមួយលើពិភពលោក មានទាំងព័ត៌មានលើគេហទំព័រ ទស្សនាវដ្តី និងសៀវភៅជាដើម។

នេះជាមោទនភាពមួយរបស់ជាតិខ្មែរទាំងមូល ដែលអង្គរវត្តទទួលបានការគាំទ្រពីបណ្តាប្រជាជននៅជុំវិញពិភពលោក។ ក្នុងនាមស្ថាប័នគ្រប់គ្រងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា សូមចូលរួមអបអរសាទរ និងសូមអំពាវនាវដល់សាធារណជនទាំងអស់ បន្តចូលរួមថែរក្សា ការពារនូវបេតិកភណ្ឌរបស់ដូនតាឲ្យបានខ្លាំងក្លា ដើម្បីភាពគង់វង់យូរអង្វែងតទៅមុខទៀត៕