(ឧត្តរមានជ័យ)៖ លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកក្រគរ ខេត្តពោធិ៍សាត់ បានគូសបញ្ជាក់ថា ក្នុងមួយនាទី មានប្រជាជនក្នុងពិភពលោក ២៤នាក់ បានបង្ខំចិត្តរត់ចេញផ្ទះរបស់ខ្លួន ដោយសារបញ្ហាសង្គ្រាម និងដោយសារជម្លោះប្រដាប់អាវុធ ក្នុងនោះមានជាង៥១ភាគរយ ជាកុមារ។ នេះបើរបាយការណ៍អន្តរជាតិមួយ ដែលលោកបានដកស្រង់ចេញពីអង្គការ UNHCR។
ថ្លែងប្រាប់សារព័ត៌មាន Fresh News ពីតំបន់ប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ នាថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨នេះ ទីដែលលោក កែវ រតនៈ ដឹកនាំគណៈប្រតិភូអគ្គិសនីកម្ពុជា ចុះសាកសួរសុខទុក្ខបងប្អូនកងទ័ពដែលកំពុងឈរជើងនៅតាមព្រំដែនកម្ពុជា បានឲ្យដឹងយ៉ាងដូច្នេះថា «ក្នុងពិភពលោកជាមធ្យមមានមនុស្ស ២៤នាក់ រៀងរាល់មួយនាទី ត្រូវបង្ខំចិត្តរត់ចោលផ្ទះរបស់ខ្លួន នៅឆ្នាំ២០១៥ ដោយសារសង្គ្រាម និងជម្លោះប្រដាប់អាវុធ ក្នុងនោះមានជាង៥១ភាគរយ ជាកុមារ ហើយដែលភាគច្រើនត្រូវព្រាត់ពីឪពុកម្ដាយ។ នេះជាតួលេខស្រង់ពី UNHCR មកចែករំលែកពីផលវិបាករបស់សង្គ្រាម»។
ជាការពិតណាស់ វិបត្តិសង្គ្រាម បាននាំមកនូវសោកនាដកម្ម ទំនួញវាយោគសោកសៅ គ្រោះមហន្តរាយដ៏ព្រៃផ្សៃដល់ប្រទេស និងប្រជាជនរងគ្រោះ អ្នកខ្លះត្រូវបង្ខំចិត្តរត់ចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ ព្រាត់ប្រាស់ឪពុកម្ដាយ សាច់ញាតិប៉ុណ្ណោះនោះទេ អ្នកមួយចំនួនទៀតក៏រងនូវពិការភាព ស្លាប់បាត់បង់ជីវិតទៀតផង តួយ៉ាងដូចសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាជាដើម។
និយាយដល់បញ្ហានេះ គេក៏នៅទាន់ភ្លេចនៅឡើយទេ ពីបញ្ហាបដិវត្តពណ៌ដែលទើបតែថ្មីៗក្នុងប្រទេសកម្ពុជា ដែលកាលណោះគ្រោះថ្នាក់ដ៏សម្បើមនេះ បិះនឹងសង្កត់លើប្រជាពលរដ្ឋកម្ពុជាទៅហើយ។ វាត្រូវបានគេដឹងថា ជាគម្រោងការណ៍ដ៏អាក្រក់ជូរជាតិ ដែលគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សក្បត់ជាតិឯង ឱនក្បាលបម្រើជាតិគេ មានបរទេសនៅពីក្រោយខ្នង។ ប៉ុន្តែគម្រោងការណ៍នេះ គ្មានលទ្ធផលលូកក្បាលចូលក្នុងប្រទេសកម្ពុជាបានឡើយ ដោយសារតែមានទប់ស្កាត់រាំងខ្ទប់ទាន់ពេលវេលា ពីសំណាក់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ជាមួយនឹងស្មារតីស្នេហាជាតិដ៏ពុះកញ្ជ្រោលរបស់ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដោយបានធ្វើឲ្យបក្ខពួកក្បត់ជាតិទាំងនោះ រលាយខ្ចាត់ខ្ចាយពីពិភពសន្តិភាពនៅកម្ពុជាទៅវិញយ៉ាងទាន់ហន់។
ជាមួយគ្នានោះ លោក កែវ រតនៈ ក៏បានកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធផងដែរ ដែលមិនត្រឹមតែបាន និងកំពុងការពារបូរណភាពទឹកដីខ្មែរបានល្អប៉ុណ្ណោះទេ ថែមទាំងជួយបញ្ជៀសប្រទេសជាតិវៀងផុតពីវិបត្តិសង្គ្រាម ការបង្កបញ្ហាឲ្យប្រជាពលរដ្ឋរត់គេចចោលផ្ទះសម្បែង ការព្រាត់ប្រាស់ដូចប្រទេសនានាខ្លះផងដែរ ហើយប្រជាពលរដ្ឋខ្មែរកំពុងរស់នៅក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជំ សម្បូរសម្បាយជាមួយការអភិវឌ្ឍលើគ្រប់វិស័យ៕