(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា នឹងចាប់ផ្តើមស្តារប្រឡាយទួលពង្រ នាពេលឆាប់ៗ នេះខាងមុខនេះ ដើម្បីកាត់បន្ថយការលិចលង់ ដោយជំនន់ទឹកភ្លៀងជាអតិបរមា នៅរដូវវស្សាឆ្នាំក្រោយ ពិសេសនៅតំបន់សាលាក្ដីខ្មែរក្រហម ក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នេះជាការថ្លែងរបស់លោក នៅក្នុងពិធីចុះហត្ថលេខាប្រគល់-ទទួល ការទទួលខុសត្រូវគ្រប់គ្រងសួនច្បារវិមានឯករាជ្យ និងសួនច្បារខាងលិចវិមានឯករាជ្យ ជូនរដ្ឋបាលខណ្ឌដូនពេញ ដើម្បីគ្រប់គ្រងបន្ត នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨នេះ។
ជាលទ្ធផល អង្គប្រជុំនោះ គឺបានសម្រេចឲ្យមានការរៀបចំការងារស្ដារប្រឡាយទួលពង្រទី១ ទួលពង្រទី២ ដើម្បីរំដោះទឹក ពីតំបន់សាលាក្ដីខ្មែរក្រហម ភូមិទួលពង្រ និងកាត់បន្ថយការលិចលង់ ទឹកជំនន់ទឹកភ្លៀងជាអតិបរមានៅរដូវវស្សាឆ្នាំក្រោយ ការសិក្សាបច្ចេកទេសបន្ថែមដើម្បីដាក់លូប្រអប់តភ្ជាប់ ពីផ្លូវជាតិលេខ៣ ដល់ប្រឡាយទួលពង្រទី២។
គួរបញ្ជាក់ផងដែរថា តាមបណ្តោយផ្លូវជាតិលេខ៤ពិសេស តំបន់សាលាក្ដីខ្មែរក្រហម ភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ និងតំបន់ក្បែរៗនោះ កាលពីរដូវវស្សាកន្លងមកនេះ បានទទួលរងការលិចដោយជំនន់ទឹកភ្លៀងយ៉ាងខ្លាំង និងបានបណ្តាលឲ្យមានការ កកស្ទះចរាចរណ៍ជាប្រចាំផងដែរ នៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ ហើយកាលណោះ លោក ឃួង ស្រេង ក៏បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីចុះត្រួតពិនិត្យ ដើម្បីរកច្រកដោះស្រាយភ្លាមៗផងដែរ។
ដោយមើលឃើញពីបញ្ហាប្រឈមខាងលើនេះ ទើបរដ្ឋបាលរាជធានីភ្នំពេញដាក់ចេញជាគម្រោងស្ថាបនាប្រឡាយទួលពង្រ នេះតែម្តង។ ក្រោយពីកម្រោងនេះ ត្រូវបានស្ថាបនាបញ្ចប់នៅរដូវវស្សាឆ្នាំក្រោយ នឹងអាចដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀង ជាអតិបរមានៅរដូវវស្សាឆ្នាំក្រោយ៕