Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អំពើហិង្សាវាយតប់គ្នាបណ្តាលឲ្យស្លាប់២នាក់ នៅតំបន់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃនេះ តុលាការចេញដីកាឃុំខ្លួនមនុស្ស៦នាក់

04-01-2018 16:07

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក សេង លាង បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ក្រុមក្មេងទំនើងពីរក្រុម វាយគ្នានៅតំបន់ទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យចំនួន៦នាក់ ដាក់ពន្ធនាគារ ដើម្បីរង់ចាំជំនុំជម្រះតាមនីតិវិធីច្បាប់កំណត់។ នេះបើយោងតាមមន្រ្តីតុលាការបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំតុលាការ។

អំពើហិង្សានេះ បានបណ្ដាលឲ្យស្លាប់២នាក់ ហើយើការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីលោក ងិន ពេជ្រ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់លើក្រុមជនសង្ស័យពីបទ «ហិង្សាដោយចេតនា មានស្ថានទម្ងន់ទាស បណ្តាលឲ្យមរណជនរងគ្រោះ តាមមាត្រា២២៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ»។

សូមបញ្ជាក់ថា ឆាកប្រយុទ្ធគ្នាមួយប្រាវរបស់យុវជនពីរក្រុម ដែលបង្កការភ័យខ្លាចទាំងយប់ ដល់ប្រជាពលរដ្ឋរាប់សិបនាក់ នៅតំបន់ទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានបណ្ដាលឲ្យស្លាប់២នាក់ និងរងរបួសផ្សេងទៀត កាលពីចុងខែធ្នូ ឆ្នាំ២០១៧។

ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News លោក ជឿន សារិទ្ធិ បានឲ្យដឹងថា កាលពីយប់កើតហេតុនោះកូនប្រុសរបស់លោក​ឈ្មោះ ជឿន បុរី អាយុ១៧ឆ្នាំ រួមជាមួយមិត្តិភក្តិ៤នាក់ផ្សេងទៀត បានទៅផឹកស៊ីនៅក្នុងហាងមួយកន្លែងនៅក្បែរផ្ទះ។ ពេលកំពុងតែផឹកស៊ីនោះស្រាប់តែ ម្ខាងមានគ្នា២នាក់ ជិះម៉ូតូ១មួយគ្រឿង បើកចុះបើកឡើង និងថែមទាំងបំពងសំឡេងម៉ូតូយ៉ាងខ្លាំងៗ​ ដោយរបៀបចង់បង្ករឿង។ ឃើញស្ថានភាពបែបនេះ ខាងក្រុមកូនរបស់លោក​ក៏ចោលដបទឹកសុទ្ធទៅលើពួកគេ រហូតមានការប៉ះពាល់ពាក្យសំដីជាមួយគ្នាមួយប្រាវ។ បន្ទាប់មកកូនរបស់លោក និងមិត្តិភក្តិម្នាក់ទៀត បានជិះម៉ូតូទៅសួរនាំភាគីម្ខាងទៀត ស្រាប់តែដល់កន្លែងកើតហេតុ ក៏ត្រូវពួកគេព្រួតវាយដោយមានដំបងដាំដែកគោលពេញ បណ្តាលឲ្យរងរបួសធ្ងន់ ខណៈភាគីខាងនោះ ក៏មានស្លាប់ម្នាក់ផងដែរ ខណៈបក្ខពួកផ្សេងទៀតបានរត់គេចខ្លួនអស់។

បន្ទាប់ពីរងរបួសហើយ កូនប្រុសរូបនេះ ក៏បានទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួស រួចត្រឡប់ទៅផ្ទះវិញ តែជាអកុសលដោយសាររបួសធ្ងន់ពេកក៏បណ្តាលឲ្យស្លាប់នៅថ្ងៃបន្ទាប់តែម្តង។

ក្រោយកើតហេតុកម្លាំងនគរបាលក្រោមការដឹកនាំពីលោក យឹម​ សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបើកការស្រាវជ្រាវរហូតតាមចាប់ខ្លួនជនសង្ស័យចំនួន៦នាក់ ក្នុងនោះមានស្រីម្នាក់ផងដែរ៕